跳至正文
西哈努克省电视台 · 官方网站
登录

រដ្ឋមន្ត្រីទេសចរណ៍ស្នើ Malaysia Airlines បន្ថែមជើងហោះហើរទៅកម្ពុជា និងបើកផ្លូវហោះថ្មីទៅសៀមរាប–ព្រះសីហនុ

历史原文 · 暂无当前语言译文

នៅថ្ងៃទី៣០ កញ្ញា ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឲ្យក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines បង្កើនចំនួនជើងហោះហើរត្រង់ពីកូឡាឡាំពួ មករាជធានីភ្នំពេញ និងបើកផ្លូវហោះត្រង់ថ្មីទៅខេត្តសៀមរាប និងខេត្តព្រះសីហនុ។ ការស្នើសុំនេះ បានធ្វើឡើងក្នុងឱកាសកិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន នៅទីក្រុងម៉ាឡាកា។

ក្នុងកិច្ចប្រជុំជាមួយលោក Dersenish Aresandiran តំណាងក្រុមហ៊ុន Malaysia Airlines ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុននេះ ដែលបានរួមចំណែកជំរុញចំនួនភ្ញៀវទេសចរមកកម្ពុជា និងបង្កើនការតភ្ជាប់អន្តរជាតិ។ លោកបានបញ្ជាក់ថា ការរីកចម្រើននៃការទេសចរណ៍កម្ពុជាមានមូលដ្ឋានមកពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងម៉ាឡេស៊ី ជាង៦៨ឆ្នាំមកនេះ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងទេសចរណ៍។

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជាមានសមត្ថភាពផ្លូវអាកាសគ្រប់គ្រាន់ ដោយមានអាកាសយានដ្ឋានអន្តរជាតិទេជោ (ប្រភេទ 4F) អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដែលទាំងអស់នេះជាចំណុចសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរទាំងក្នុងតំបន់ និងអន្តរជាតិ។

ក្នុងន័យនេះ ក្រសួងទេសចរណ៍កម្ពុជានឹងធ្វើការសហការជាមួយក្រុមហ៊ុន Malaysia Airlines ដើម្បីពង្រឹងសកម្មភាពទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា រួមទាំងការទាក់ទាញភ្ញៀវទេសចរម៉ាឡេស៊ី និងអន្តរជាតិឲ្យកាន់តែច្រើនឡើង។

បច្ចុប្បន្ន Malaysia Airlines ប្រតិបត្តិជើងហោះហើរត្រង់រវាងភ្នំពេញ–កូឡាឡាំពួរ ចំនួន ៤ ជើងក្នុងមួយថ្ងៃ។ ជាសមាជិកសម្ព័ន្ធ Oneworld Alliance ក្រុមហ៊ុនអាកាសចរណ៍នេះមានបណ្តាញហោះហើរទៅជាង ៩០០ គោលដៅ ក្នុងប្រទេស និងទីក្រុងចំនួន ១៧០ ទូទាំងពិភពលោក។ លើសពីនេះ សម្ព័ន្ធអាកាសចរណ៍ម៉ាឡេស៊ី ក៏រួមមានក្រុមហ៊ុន Firefly ដែលប្រតិបត្តិការហោះហើរនៅក្នុងស្រុក និងតំបន់អាស៊ានផងដែរ។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

评论

正在加载评论…