跳至正文
西哈努克省电视台 · 官方网站
登录

កម្ពុជា គ្រោងអភិវឌ្ឍផ្លូវដែក៨គម្រោង ចំណាយថវិកាជាង១០ពាន់លានដុល្លារ

历史原文 · 暂无当前语言译文

កម្ពុជា គ្រោងអភិវឌ្ឍការដឹកជញ្ជូនតាមផ្លូវដែកសរុបចំនួន ៨គម្រោង ដែលនឹងចំណាយថវិកាសរុបចំនួន ១០ ០១០លានដុល្លារអាម៉េរិក។ នេះបើតាមរបាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី១ ឆ្នាំ២០២៥ ស្តីពីការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ។

របាយការណ៍ខាងលើ បានឱ្យដឹងថា ការអភិវឌ្ឍផ្លូវដែកផ្តោតលើការស្តារ និងលើកកម្ពស់ផ្លូវដែកបច្ចុប្បន្ន (ភាគខាងជើង និងភាគ ខាងត្បូង) ទៅជាផ្លូវដែកល្បឿនលឿន ព្រមទាំងគិតគូរផ្លូវថ្មី (គន្លង និងខ្សែរថភ្លើងថ្មី)។ ក្នុងនោះ កម្ពុជាមានគម្រោងដឹកជញ្ជូនផ្លូវដែកសរុបចំនួន ៨គម្រោង ដែលគ្រោងនឹងចំណាយថវិកាសរុបចំនួន ១០ ០១០លានដុល្លារ អាម៉េរិក ដែលក្នុងនោះមានគម្រោងរយៈពេលខ្លីនិងមធ្យមចំនួន ៤គម្រោង (២០២៣-២០២៧) ស្មើនឹងទឹកប្រាក់ ៣ ៨០០លានដុល្លារអាម៉េរិក និងគម្រោងរយៈពេលវែងចំនួន ៤គម្រោង (២០២៨-២០៣៣) ស្មើនឹងទឹកប្រាក់ ៦ ២១០លានដុល្លារអាម៉េរិក។

ដោយឡែកគម្រោងកសាងផ្លូវដែកថ្មីតភ្ជាប់៖ (១) ភ្នំពេញ-អាកាសយានដ្ឋានអន្តរជាតិតេជោ (ក្រុងតាខ្មៅ ខេត្តកណ្តាល) និងសៀមរាប-អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ស្រុកសូទ្រនិគម ខេត្តសៀមរាប) ក៏កំពុងស្ថិតក្នុងដំណាក់កាលសិក្សា ដោយសហការជាមួយ China Metro។

សូមបញ្ជាក់ថា ប្រទេសកម្ពុជាមានផ្លូវដែកសំខាន់ចំនួនពីរខ្សែ និងមានប្រវែងសរុប ៦៥២គ.ម. ដោយខ្សែទីមួយ តភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ក្រុងប៉ោយប៉ែត ប្រវែង ៣៨៦គ.ម. និងខ្សែទីពីរ តភ្ជាប់ពីរាជធានី ភ្នំពេញទៅកាន់ក្រុងព្រះសីហនុ ប្រវែង ២៦៦គ.ម.។ បរិមាណទំនិញដឹកជញ្ជូនតាមផ្លូវដែកក្នុង ឆ្នាំ២០២៤ មានចំនួន ១ ១៥២ ៦៤៤តោន បានកើនឡើងប្រមាណជា ៦,៧៩% បើធៀបនឹងឆ្នាំ ២០២៣ ស្របពេលដែលចំនួនអ្នកដំណើរក្នុងឆ្នាំ២០២៤ មានចំនួន ១០៨ ៧៣៩នាក់ មានការធ្លាក់ចុះប្រមាណជា ១៣.២៩% បើធៀបទៅនឹងឆ្នាំ ២០២៣៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ  ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…