跳至正文
西哈努克省电视台 · 官方网站
登录

កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះហក់ឡើងខ្លាំងជិតដល់កម្រិតប្រកាសអាសន្នអាជ្ញាធរឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់

历史原文 · 暂无当前语言译文

ចៅហ្វាយខេត្តក្រចេះ ឯកឧត្តម វ៉ា ថន បានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រៀមទូក អូបរ កាណូត រថយន្តដើម្បីសង្គ្រោះពលរដ្ឋពីគ្រោះទឹកជំនន់ ខណៈគិតត្រឹមព្រឹកថ្ងៃទី០១ ខែតុលានេះ កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះហក់ឡើងដល់ ២១,៦៦ម៉ែត្រ ហើយការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម កម្ពស់ទឹកនឹងបន្តហក់ឡើងដល់ ២១,៩៧ម៉ែត្រជិតដល់កម្រិតប្រកាសប្រុងប្រយ័ត្ន ២២,០០ម៉ែត្រ និងកម្រិតប្រកាសអាសន្នកម្ពស់ ២៣,០០ម៉ែត្រ ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែតុលា។ ខណៈទឹកទន្លេមេគង្គនៅតែបន្តហក់ឡើងខ្ពស់បែបនេះ រដ្ឋបាលខេត្ត បានប្រកាសឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះខេត្តនៅបន្តមានភ្លៀងធ្លាក់ពីកម្រិតតិចទៅច្រើនជាមួយខ្យល់កន្រ្តាក់ថែមទៀត។

ចៅហ្វាយខេត្ត ណែនាំឱ្យអាជ្ញាធរមូលដ្ឋានរៀបចំទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋ សម្ភារៈ សត្វពាហនៈឱ្យបានទាន់ពេលវេលា ករណីក្នុងតំបន់ប្រឈមនឹងទឹកជំនន់ខ្លាំង។ អាជ្ញាធរត្រូវជូនដំណឹងឱ្យបានឆាប់ដល់ជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យដោយគ្រោះទឹកជំនន់អំពីកម្ពស់ទឹកទន្លេមេគង្គ ហើយធ្វើរបាយការណ៍ទឹកជំនន់រួចបញ្ជូនមកគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តជាប្រចាំ។ ចំណែកមន្ទីរធនធានទឹកខេត្ត ត្រូវជូនដំណឹងអំពីកម្ពស់ទឹកចំនួន០៣លើកក្នុង១ថ្ងៃ។ ដោយឡែក មន្ទីរសុខាភិបាលខេត្ត ត្រូវត្រៀមរថយន្តសង្គ្រោះ សម្ភារៈបរិក្ខា ថ្នាំពេទ្យ និងចុះអប់រំដល់ប្រជាពលរដ្ឋអំពីការធ្វើអនាម័យទឹក ចំណីអាហារ និងបរិស្ថាននៅកន្លែងទីទួលសុវត្ថិភាព។ រីឯមន្ទីរកសិកម្មខេត្ត ត្រូវបានតាមដាន និងស្រង់ទិន្នន័យផលប៉ះពាល់ដំណាំកសិកម្ម និងសត្វពាហនៈដែលជម្លៀសនៅទីទួលសុវត្ថិភាព ព្រមទាំងការចុះចាក់វ៉ាក់សាំង។ ក្រៅពីនេះ ប្រជាពលរដ្ឋ ត្រូវតាមដានស្ថានភាពទឹកជំនន់ទន្លេមេគង្គឱ្យបានជាប់ជាប្រចាំ និងត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានព័ត៌មានពីទីតាំងដែលត្រូវជម្លៀសសត្វពាហនៈ សត្វចិញ្ចឹម និងក្រុមគ្រួសារទៅទីទួលសុវត្ថិភាពក្នុងករណីទឹកជំនន់មានការគំរាមកំហែងដល់សុវត្ថិភាព។ រាល់ការធ្វើដំណើរតាមផ្លូវទឹក ត្រូវពាក់អាវពោងសុវត្ថិភាព ឬដាក់មកជាមួយកានទឹក និងពីដុងទឹកធំៗ ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុ ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់លើចាស់ជរា និងកុមារតូចៗដែលងាយរងគ្រោះដោយទឹកជំនន់៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…