គិតត្រឹមថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ មានរយៈពេល៧ថ្ងៃហើយ ដែលមនុស្សប្រុសស្រី ក្មេងចាស់ចំនួន៤នាក់ដែលបានទឹកគួចបាត់ខ្លួនដោយគ្រោះទឹកជំនន់ នៅត្រង់ចំណុចអូរប៉ាជាន់ ស្ថិតក្នុងភូមិពីង ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។ ក្នុងនោះឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានដឹកនាំកម្លាំងបន្តចុះរុករកផ្ទាល់។ ប៉ុន្តែគិតមកដល់ពេលនេះ ជនរងគ្រោះទាំង៤នាក់នៅមិនទាន់រកឃើញនៅឡើយទេ។ ករណីនេះជាលើកទីមួយហើយពុំដែលមានឧបទ្ទវហេតុនេះកើតឡើងនៅក្នុងទឹកដីខេត្តរតនគិរីនោះទេ។
មនុស្សប្រុសស្រី ក្មេងចាស់ទាំង៤នាក់នេះ ត្រូវទឹកជំនន់គួចយកទៅបាត់នៅវេលាយប់រំលងអធ្រាត្រថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងនោះមានគ្រួសារចំនួន២ បានជួបឧបទ្ទវហេតុ គ្រោះធម្មជាតិ ទឹកជំនន់ភ្លៀងហក់ឡើងយ៉ាងខ្លាំង ហូរមកបុកចំផ្ទះចាំចម្ការទុរេន បណ្តាលឱ្យប៉ើងចូលក្នុងទឹក ហើយមនុស្សដែលនៅក្នុងផ្ទះនោះ ក៏បានទឹកហូរគួចលិចយកទៅបាត់ទាំងអស់ ហើយដើមឈើនៅក្បែរនោះក៏រលំបាក់ហូរទៅតាមទឹកផងដែរ។ លោក ប៉ា ប៊ុនថា អធិការរងទទួលផែនសណ្ដាប់ធ្នាប់ស្រុកអូរជុំ បានឱ្យដឹងថា ២គ្រួសារដែលបានបាត់ខ្លួនដោយទឹកជំនន់ភ្លៀងហូរមកបុកចំផ្ទះមានសមាជិកសរុបចំនួន៥នាក់ គ្រួសារទី១ មានពីរនាក់ ១.ឈ្មោះ ជុំ វ៉ាត់ ភេទប្រុស អាយុ៥៨ឆ្នាំ (បាត់ខ្លួន) និង២.ឈ្មោះ បាំ ឌឿន ភេទស្រី អាយុ៤៤ឆ្នាំ (បាត់ខ្លួន)។ ហើយគ្រួសារទីពីរ មានសមាជិកចំនួន៣នាក់ ១.ឈ្មោះ រ៉ាត់ ជៀយ ភេទស្រី អាយុ៣១ឆ្នាំ (បាត់ខ្លួន) ២.ឈ្មោះ ភ័ក្ត្រ មុន ភេទប្រុស អាយុ០៧ឆ្នាំ (បាត់ខ្លួន) និង៣.ឈ្មោះ ភ័ក្ត្រ រេត អាយុ០១ឆ្នាំ (បាត់ខ្លួន)។ ជនរងគ្រោះទាំង៤នាក់នេះ ពួកគាត់ជាជនជាតិដើមភាគតិចទំពួន។
លោក ប៉ា ប៊ុនថា បញ្ជាក់ទៀតថា នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ប្រជាពលរដ្ឋនៅភូមិខាងលើមានការភ្ញាក់ផ្អើលឆោឡោឡើង ដោយបានបាត់ផ្ទះប្រជាពលរដ្ឋនៅក្បែរអូរខាងលើនោះ ក្រោយមកក៏បានរាយការណ៍ជូនទៅសមត្ថកិច្ចប៉ុស្តិ៍មូលដ្ឋាន បន្ទាប់ពីបានដឹងព័ត៌មាននេះភ្លាម អាជ្ញាធរស្រុក កម្លាំងនគរបាលប៉ុស្តិ៍មូលដ្ឋាន ប្រជាការពារភូមិ និងប្រជាពលរដ្ឋនៅក្នុងភូមិ ក៏បាននាំគ្នាស្វែងរកជនរងគ្រោះទាំងពីគ្រួសារនៅតាមដងអូរ ដោយក្នុងនោះក៏បានជួបប្រទះឃើញសាកសពជនរងគ្រោះម្នាក់ នៅល្ងាចថ្ងៃទី២៦កញ្ញា នៅចម្ងាយពីផ្ទះរបស់ជនរងគ្រោះប្រមាណមួយគីឡូម៉ែត្រ។ ជនរងគ្រោះដែលបានរកឃើញនោះឈ្មោះ ជុំ វ៉ាត់ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិទំពួន។ ដោយឡែកមនុស្សទាំង៤នាក់ផ្សេងទៀត នៅមិនទាន់បានរកឃើញនៅឡើយទេមកទល់នឹងពេលនេះ។ ក្រៅតែកិច្ចប្រតិបត្តិការរុករក ឯកឧត្តមអភិបាលខេត្ត ក៏បានទៅជួបក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ ហើយបានសម្តែងការអាណិតអាសូរ សោកស្តាយ និងសមាណចិត្តដ៏ក្រៀមក្រំបំផុតជូនក្រុមគ្រួសារជនរងគ្រោះ ប្រុសស្រីក្មេងចាស់ចំនួន៤នាក់ដែលបានបាត់ខ្លួនផងដែរ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត


















