កាលពីយប់ថ្ងៃទី០៤ ខែតុលា មានករណីផ្ទុះការតវ៉ារវាងបុគ្គលិកជនជាតិប៉ាគីស្ថាន និងបុគ្គលិកជនជាតិចិន នៅអគារមួយកន្លែង ស្ថិតក្នុងក្រុងព្រះសីហនុ។ ករណីនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋផ្ទុះការជជែកវែកញែកគ្នា និងមានបណ្តាញសង្គមមួយចំនួនផ្សព្វផ្សាយថា ជាករណីវិវាទការងារ។ ប៉ុន្តែទោះជាយ៉ាងណា លោក ឃួង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់ទូរទស្សន៍ KPS99 TV នៅព្រឹកថ្ងៃទី០៦ ខែតុលានេះថា ជាករណីប៉ះទង្គិចពាក្យសម្តីគ្នា ទាក់ទងនឹងជំនឿសាសនារវាងបុគ្គលិកជនជាតិប៉ាគីស្ថាន និងបុគ្គលិកជនជាតិចិន នៅទីតាំងអាគារ ឆៃណាថោន ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ចំណែក ករណីនេះ ថៅកែជនជាតិចិន បានធ្វើការសម្របសម្រួលឱ្យបុគ្គលិកជនជាតិចិនសូមទោសបុគ្គលិកជនជាតិប៉ាគីស្ថាន ដើម្បីបញ្ចប់រឿងរួចរាល់ហើយ។ រីឯបុគ្គលិកជនជាតិប៉ាគីស្ថាន ក៏បានស្នើសុំលាឈប់ពីការងារ ហើយក៏ទទួលបានការឯកភាពពីថៅកែចិនដែរ។
ប៉ុន្តែមូលហេតុដែលនាំឱ្យមានករណីផ្ទុះការតវ៉ានេះកាន់តែធំឡើង ដោយសារមានបុគ្គលិកជាជនជាតិប៉ាគីស្ថាន និងបង់ក្លាដេស ដែលធ្វើការនៅកន្លែងផ្សេងទៀត បានកើតទុក្ខ មិនសុខចិត្ត ដោយមិនទទួលយកការសូមទោសនេះ ហើយក៏ប្រមូលផ្ដុំគ្នាធ្វើការតវ៉ាបង្កជាហិង្សាកើតឡើង។ នេះបើតាមលោក ឃាង ភារម្យ បញ្ជាក់បន្ថែម។ លោកថាករណីនេះ មិនមែនជាជម្លោះនៃវិវាទការងារនោះទេ ផ្ទុយទៅវិញវាជារឿងប៉ះពាក្យសម្តីគ្នាទាក់ទងនឹងជំនឿសាសនាតែប៉ុណ្ណោះ។ យ៉ាងណា សមត្ថកិច្ចក៏បានចុះអន្តរាគមន៍ដល់ទីតាំង និងបាននាំខ្លួនបុគ្គលិកជនជាតិប៉ាគីស្ថាន បង់ក្លាដេសចំនួន៥៧នាក់ និងថៅកែចិន ព្រមទាំងបុគ្គលិកជនជាតិចិនចំនួន២នាក់ទៀត ទៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។ ជុំវិញនឹងករណីនេះដែរ លោក ញ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ បានបញ្ជាក់យ៉ាងខ្លីថា នេះមិនមែនជាករណីវិវាទការងារនោះទេ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត


