(ខេត្តព្រះសីហនុ)៖ មន្ទីរកិច្ចការនារីខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយេនឌ័រប្រចាំ ឆមាសទី១ឆ្នាំ២០២៥ តាមមន្ទីរវិស័យ អង្គការដៃគូ-ពាក់ព័ន្ធ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំធំមន្ទីរកិច្ចការនារី ខេត្តព្រះសីហនុ។
កិច្ចប្រជុំនេះក្រោមអធិបតីភាពលោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធានគណៈកម្មការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ, លោកស្រី សៅ កាន ប្រធានមន្ទីកិច្ចការនារី, លោកស្រីឧត្តមសេនីយ៍ត្រី ប៉ែន កញ្ញា ស្នងការរងខេត្ត និងអ្នកតំណាងមន្ទីអង្គភាពពាក់ព័ន្ធនានាក្នុងខេត្តព្រះសីហនុ សរុប៧៥នាក់ ក្នុងនោះស្រី៤៥នាក់។
គោលបំណងនៃកិច្ចប្រជុំនេះ ផ្តោតទៅលើការប្រមូលរបាយការណ៍លទ្ធផលការអនុវត្តន៍ការងារយេនឌ័រ សម្រាប់ឆមាសទី១ របស់ក្រុមការងារយេនឌ័រ របស់មន្ទីរ-ស្ថាប័ន -ក្រុង-ស្រុក-អង្គការដៃគូពាក់ព័ន្ធ និងបូកសរុបលទ្ធផលការងារយេនឌ័រប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ និងលើកទិសដៅត្រីមាសបន្តនឹងយេនឌ័រ GBV។
យោងតាមរបាយការណ៍មន្ទីរកិច្ចការនារីខេត្ត បានឱ្យដឹងថា ក្នុងរយៈពេលឆមាសទី១នៃឆ្នាំ២០២៥ ក្រុមការងារបានឆ្លើយតប និងដោះស្រាយបញ្ហាផ្សេងៗជាច្រើនជាពហុវិស័យចំពោះអំពើហិង្សាទាក់ទិននឹងយេនឌ័រថ្នាក់ខេត្ត បង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ជាពិសេសបានផ្សព្វផ្សាយនិងលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ។
លោកស្រី សៅ កាន ប្រធានមន្ទីកិច្ចការនារីខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ចំពោះតម្លៃស្រ្តី និងផ្តល់ឱកាសពង្រឹងសមត្ថភាពក្នុងការបំពេញការងារក្នុងក្រសួង និងមន្ទីរនានា។ លោកស្រីបានបន្ថែមថា «ស្ត្រីជាឆ្អឹងខ្នងនៃសង្គម» ក្នុងការគ្រប់គ្រងគ្រួសារ និងអភិវឌ្ឍន៍សង្គមជាតិ។
នាឱកាសនោះ លោកស្រីប្រធានមន្ទីកិច្ចការនារី ក៏បានសំណូមពរទៅដល់ក្រសួងស្ថាប័ននានាក្នុងប្រទេសកម្ពុជា ឱ្យផ្តល់សមភាព សមធម៌ និងបរិយាប័ន លើកកម្ពស់ភាពជាអ្នកដឹកនាំក្នុងវិស័យអប់រំ និងប្រព័ន្ធឌីជីថលដល់ស្ត្រីក្នុងសង្គម និងកន្លែងបម្រើការងារ។
ទន្ទឹមគ្នានេះ ក៏មានបញ្ហាប្រឈមផងដែរ ទាក់ទងបញ្ហាអំពើរហិង្សាក្នុងគ្រួសារនៅតែកើតមានឡើង ពិសេសនៅតំបន់ឆ្ងាយពីទីប្រជុំជន ទោះបីនគរបាលធ្លាប់បានធ្វើកិច្ចសន្យាហើយក៏ដោយ។ ម្យ៉ាងគ្រួសារមួយចំនួនមិនផ្តល់ឱកាសពេញលេញដល់ស្ត្រី ដើម្បីបង្កើនសមត្ថភាព៕
ដោយ៖ ចិន្តា ទីទិ
រូបថត៖ ទាវ វិឆាត
















