គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) បង្ហាញថា ចំនួនកាស៊ីណូដែលបានចុះបញ្ជីនៅខេត្តព្រះសីហនុមានចំនួន ៨៨សហគ្រាស គិតមកដល់ខែមិថុនា ឆ្នាំ២០២៥។ ក្នុងនោះ កាស៊ីណូដែលមានអាជ្ញាបណ្ណមានសុពលភាពចំនួន៨៧ទីតាំង ហើយកំពុងដំណើការជាក់ស្តែងមាន ៧៩ទីតាំង ចំណែក៨ទីតាំងបានផ្អាកសកម្មភាព និង១ទីតាំងទៀត បានព្យួរអាជ្ញាបណ្ណ។ ១ទីតាំងដែលព្យួរអាជ្ញាបណ្ណនេះ គឺកាស៊ីណូពន្លឺព្រះអាទិត្យ។ នេះបើតាមលោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ បានរាយការណ៍ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រងហត្ថពលកម្មបរទេសឆ្នាំ២០២៥ ដល់ម្ចាស់រោងចក្រ សហគ្រាស កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ និងម្ចាស់អាជីវកម្មផ្សេងៗទៀតនៅក្នុងខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ។
ទន្ទឹមគ្នានេះ លោក យ៉ូវ ខេមរា បានបញ្ជាក់ទៀតថា ក្រោយពីរដ្ឋបាលខេត្តព្រះសីហនុ បានប្រជុំណែនាំដល់សហគ្រាសវិស័យកាស៊ីណូក្នុងខេត្តឱ្យធ្វើរបាយការណ៍ស្តីពីការប្រើហត្ថពលកម្មបរទេសរួចកាលពីអំឡុងខែមីនា ឆ្នាំ២០២៥ ពោលគឺគិតមកដល់ពេលនេះ ទទួលបានរបាយការណ៍ស្វ័យប្រកាសចំនួន ៩៤ច្បាប់ ស្មើនឹង ៧៧សហគ្រាស។ ក្នុងនោះមានកាស៊ីណូ និងសណ្ឋាគារចំនួន៧៧ច្បាប់ និងអាជីវកម្មផ្សេងៗចំនួន ១៧ច្បាប់ (មានទីតាំងនៅក្នុងកាស៊ីណូ) ខណៈកម្មករនិយោជិតសរុបចំនួន ៣១,២៣៨នាក់ (ស្រី ១១,៦៩៦នាក់)។ ក្នុងចំណោមកម្មករនិយោជិតទាំងអស់នោះ មានកម្មករនិយោជិតជាជនជាតិខ្មែរសរុបចំនួន ១៤,២១៤នាក់ (ស្រី ៧,៩១៩នាក់), ហត្ថពលកម្មបរទេសសរុបចំនួន ១៧,០២៤នាក់ (ស្រី ៣,៧៧៧នាក់), ហត្ថពលកម្មបរទេសផ្ទាល់ចំនួន ៩,០២៨នាក់ (ស្រី១,៩៤៧នាក់), ការិយភារីចំនួន ៧,៩៩៦នាក់ (ស្រី១,៨៣០នាក់), មានបណ្ណការងារសរុបចំនួន ១៦,៥១៣នាក់ (ស្រី ៣,៧៥៥នាក់) និងកំពុងស្នើសុំបណ្ណការងារក្នុងប្រព័ន្ធសរុបចំនួន ៥១១នាក់ (ស្រី ២២នាក់)។
ចំណែក ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានព្រមានទុករយៈពេលដល់ថ្ងៃទី១៣ ខែតុលា ឱ្យម្ចាស់រោងចក្រ សហគ្រាស និងកាស៊ីណូនៅក្នុងខេត្តព្រះសីហនុទាំងអស់ធ្វើរបាយការណ៍ស្វ័យប្រកាសពីការស្នាក់នៅ និងធ្វើការរបស់ជនបរទេសដោយប្រកបដោយសុក្រឹត្យភាព។ ឯកឧត្តម សង្កត់ធ្ងន់ថា នេះជាលើកទី២ហើយ ហើយក៏មិនមានជាលើកទី៣ទៀតដែរ អគ្គនាយកដ្ឋានបានតាមដាននិងមានតួលេខជនបរទេសនៅក្នុងដៃច្បាស់លាស់ ដូច្នេះត្រូវធ្វើរបាយការណ៍ស្វ័យប្រកាសនេះឱ្យមានភាពស្មោះត្រង់ជាមួយគ្នា។ កុំឱ្យនៅពេលកម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការរកឃើញអគារនោះលាក់ជនបរទេសមិនរាយការណ៍ឬរាយការណ៍ខុស សមត្ថកិច្ចនឹងអនុវត្តទោសទណ្ឌតែម្តង៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត









