លោក ទ្រី បូរិន មេប៉ុស្តិ៍ពោធិ៍អង្គ្រង នៃស្រុកបរសេដ្ឋ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺចោទប្រកាន់ពី«បទឃាតកម្ម» បន្ទាប់ពីមេប៉ុស្តិ៍រូបបង្កឱ្យផ្ទុះអាវុធបណ្តាលឱ្យយុវជនម្នាក់ស្លាប់។ ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីបានសួរចម្លើយ និងពិនិត្យលើភស្តុតាង ខណៈសំណុំរឿងតំណាងអយ្យការខេត្តបានបញ្ជូលទៅចៅក្រមស៊ើបសួរតាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ ដើម្បីចាត់ការតាមនីតិវិធី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺចេញនៅល្ងាចថ្ងៃទី៧ ខែតុលា។
ដោយឡែក តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា «បទឃាតកម្ម» គឺជាអំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ណាមួយដូចបានកំណត់ក្នុងមាត្រា២០០ (បទឃាតកម្មគិតទុកជាមុន) ដល់មាត្រា២០៥ (បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ) ។ «បទឃាតកម្ម» ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ឆ្នាំដល់១៥ឆ្នាំ។
សូមជម្រាបថា កាលពីវេលាម៉ោង១០យប់ថ្ងៃទី០៣ ខែតុលា នៅតាមផ្លូវបេតុង ស្ថិតក្នុងភូមិក្រញូង ឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ ខេត្ត កំពង់ស្ពឺ មានករណីផ្ទុះអាវុធចំនួន០១គ្រាប់ ដែលបង្កឡើងដោយជនសង្ស័យ ទ្រី បូរិន ភេទប្រុស អាយុ ៣៨ឆ្នាំ ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍អង្ក្រង បណ្តាលឱ្យជនរងគ្រោះឈ្មោះ ផាន ផាយុ វ័យ១៧ឆ្នាំស្លាប់បាត់បង់ជីវិត។ ករណីនេះ កើតឡើងនៅពេលដែលមេប៉ុស្ត៍ ទ្រី បូរិន ដឹកនាំកម្លាំងចុះល្បាតក្នុងមូលដ្ឋាន លុះដល់ចំណុចកើតហេតុ ប្រទះឃើញមានយុវជនពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ផ្លាកលេខ កំពង់ស្ពឺ 1Z-2338 ពេលនោះសមត្ថកិច្ចបានស្ទាក់ឃាត់ដើម្បីសួរនាំ ប៉ុន្តែជនរងគ្រោះបើកម៉ូតូរត់គេចមិនព្រមឈប់ ទើបកើតមានករណីផ្ទុះអាវុធបណ្ដាលឱ្យជនរងគ្រោះ ផាន ផាយុ បាត់បង់ជីវិតតែម្ដង។ ក្រោយមក លោក ទ្រី បូរិន បានរាយការណ៍ភ្លាមៗទៅលោកអធិការនគរបាលស្រុកបសេដ្ឋ និងបានប្រគល់ខ្លួនមកផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីទទួលខុសត្រូវចំពោះសកម្មភាពកើតឡើង និងការធ្វេសប្រហែសរបស់ខ្លួនក្នុងពេលចុះបំពេញភារកិច្ចការពាររក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គម។ បន្ទាប់មកនៅថ្ងៃទី០៦ ខែតុលា កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនលោក ទ្រី បូរិន រួមជាមួយវត្ថុតាងកាំភ្លើងAK47 រួចកសាងសំណុំរឿងបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត




