គិតមកដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥នេះ គឺមានរយៈពេល៧១ថ្ងៃហើយ ដែលទាហានកម្ពុជាចំនួន ១៨រូប ត្រូវបានទាហានថៃ ចាប់ខ្លួននិងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងដោយខុសច្បាប់។ ក្នុងរយៈពេល៧១ថ្ងៃនេះ មិនដឹងថាពួកគាត់បានរស់នៅ គេងលក់ស្រួល និងមានអាហារហូបចុកគ្រប់គ្រាន់ដែរឬអត់ទេ? ខណៈក្រុមគ្រួសាររបស់ពួកគាត់ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា កំពុងទន្ទឹងរង់ចាំផ្លូវពួកគាត់វិលត្រឡប់មកមាតុប្រទេស ជួបជុំក្រុមគ្រួសាររបស់ពួកគាត់វិញ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ម៉ាលី សុជាតា អះអាងថា កម្ពុជានៅតែទទូចឱ្យភាគីថៃដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់ជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាពស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ ចំណែក គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានដាក់សំណើចំនួន ២លើកទៅប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) ដើម្បីជំរុញឱ្យថៃដោះលែងកងកម្លាំងកម្ពុជា ដោយក្នុងនោះលើកទី១ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ និងលើកទី២ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥។ ប៉ុន្តែមកដល់ពេលនេះ កម្ពុជា មិនទាន់ទទួលបានការឆ្លើយតបណាមួយនោះទេពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។
ប៉ុន្តែទោះបីជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរនូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃដោះលែងកងកម្លាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់ជាទីបំផុត និងដោយសុខសុវត្ថិភាព។ ចំណែក ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី២៦ ខែកញ្ញា សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ក៏បានបង្ហាញការសោកសង្វេគចំពោះយោធិនទាំង១៨នាក់ដែលយោធាសៀមបានចាប់និងឃុំខ្លួនដោយខុសច្បាប់ ដោយសម្តេចសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា មិនដែលបំភ្លេចពួកគាត់ឡើយ។ សម្តេចបន្ថែមថា រដ្ឋាភិបាលបន្តប្រើគ្រប់យន្តការទាំងអស់ ដើម្បីជំរុញឱ្យមានការដោះលែងពួកគាត់វិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញនាពេលខាងមុខ។ ដោយឡែក អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់បន្ថែមថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត












