នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អន្តរកាល (Interim Observation Team - IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី និងមានសមាជិកចូលរួមពីប្រទេសផ្សេងៗ បានអញ្ជើញជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៃកងទ័ពជើងគោក កងយោធពលខេមរភូមិន្ទ នៅទីស្នាក់ការភូមិភាគទី៤។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង បានផ្តល់បទបង្ហាញស្តីពី “ស្ថានភាពតាមបណ្ដោយព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន” ដោយលើកឡើងពីស្ថានភាពសន្តិសុខ បទពិសោធន៍សហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងរបស់កងទ័ពកម្ពុជាក្នុងការរក្សាភាពស្ងប់ស្ងាត់តាមបណ្ដោយព្រំដែន។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា ការទស្សនកិច្ចរបស់ក្រុមអ្នកសង្កេតការណ៍អន្តរកាលនេះ មានគោលបំណងពង្រឹងការយោគយល់ និងការសហការជាបន្តរវាងកងកម្លាំងប្រតិបត្តិការនានា ក្នុងការរក្សាសន្តិសុខ ស្ថិរភាព និងសន្តិភាពតំបន់។
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ
















