គិតមកដល់ថ្ងៃទី០៩ ខែតុលានេះ មានរយៈពេលជិត ២ខែហើយ ដែលការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) មិនបានឆ្លើយតបនឹងសំណើរបស់កម្ពុជា ដែលស្នើឱ្យស្ថាប័នមួយនេះជួយអន្តរាគមន៍លើសកម្មភាពយោធាថៃរំលោភបំពានទឹកដីកម្ពុជា និងគំរាមប្រើច្បាប់អាជ្ញាសឹកបណ្តេញប្រជាពលរដ្ឋខ្មែរចេញពីផ្ទះសម្បែង និងដីស្រែចម្ការរបស់ពួកគាត់ដោយបង្ខំ។ ក្នុងលិខិតរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចេញនៅថ្ងៃទី០៩ ខែតុលា បានបង្ហាញការខកចិត្តយ៉ាងខ្លាំងដែលការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស មិនបានឆ្លើយតបនឹងសំណើនេះ ហើយនៅតែបន្តភាពស្ងៀមស្ងាត់។ ការព្រងើយកណ្តើយបែបនេះ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តលើយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងប្រសិទ្ធិភាពនៃយន្តការនីតិវិធីពិសេស។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ញាតិបន្ទាន់របស់ខ្លួនទៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស តាំងពីថ្ងៃ១៥ ខែសីហា ឆ្នាំ២០២៥។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពកងទ័ពថៃដែលមានគម្រោងប្រើប្រាស់ច្បាប់អាជ្ញាធរសឹក ដើម្បីបណ្តេញប្រជាពលរដ្ឋកម្ពុជាចេញដោយបង្ខំពីផ្ទះសម្បែង និងដីស្រែចម្ការរបស់ពួកគាត់ដែលស្ថិតនៅក្នុងទឹកដីកម្ពុជា។ ប្រជាជនកម្ពុជា ដែលត្រូវបានបណ្តេញចេញដោយបង្ខំរួចហើយ និងអ្នកដែលកំពុងរងការគំរាមកំហែងពីការបណ្តេញចេញដោយបង្ខំ កំពុងទទួលរងនូវការឈឺចាប់និងទុក្ខលំបាកជាទម្ងន់។ គ្រួសារទាំងនោះ បានរស់នៅលើទីតាំងនោះជាច្រើនជំនាន់មកហើយ ដោយមិនត្រឹមតែបានកសាងជាផ្ទះសម្បែងប៉ុណ្ណោះទេ ប៉ុន្តែសហគមន៍ ជាកន្លែងប្រកបរបរចិញ្ចឹមជីវិត ហើយអត្តសញ្ញាណវប្បធម៌ ក៏បានចាក់ឫសគល់យ៉ាងជ្រៅនៅកន្លែងនោះ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបរាប់ទៀតថា ការបាត់បង់ ផ្ទះសម្បែង បានន័យថា បាត់បង់ទីជម្រក សុវត្ថិភាព សន្តិសុខ និងការទទួលបានសេវាជាមូលដ្ឋានផ្សេងៗ ដែលជាមូលហេតុបង្កឱ្យមានភាពគ្មានផ្ទះសម្បែងជ្រកកោន ភាពក្រីក្រ និងអស្ថិតភាពសង្គម។ កុមារត្រូវបង្ខំឱ្យបោះបង់ចោលការសិក្សា មនុស្សចាស់ត្រូវប្រឈមនឹងបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរ ស្រ្តី និងក្រុមជនងាយរងគ្រោះដទៃទៀត ត្រូវស្ថិតនៅក្នុងហានិភ័យកាន់តែខ្លាំង។ ផលប៉ះពាល់ផ្នែកផ្លូវចិត្តដោយសារការរស់នៅក្រោមភាពមិនប្រាកដប្រជា ការគំរាមកំហែង និងការភ័យខ្លាចពីការបាត់បង់ផ្ទះសម្បែងរបស់ខ្លួន បានធ្វើឱ្យទុក្ខលំបាកពួកគាត់កាន់តែធ្ងន់ធ្ងរឡើងៗ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទូចឱ្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សដោះស្រាយបញ្ហានេះ និងគាំទ្រសំណើរបស់កម្ពុជាដែលស្នើឱ្យមានការទទួលខុសត្រូវចំពោះការរំលោភបំពានទាំងនោះ។
គួររំលឹកថា ថ្ងៃទី១០ ខែតុលាស្អែកនេះ ជាថ្ងៃចុងក្រោយនៃឱសានុវាទរបស់អភិបាលខេត្តស្រះកែវរបស់ថៃដែលបានកំណត់ឱ្យពលរដ្ឋខ្មែរចាកចេញពីភូមិព្រៃចាន់ និងភូមិជោគជ័យជាកំហិត។ បើផុតឱសានុវាទនេះ អាជ្ញាធរសៀម នឹងប្រើប្រាស់ច្បាប់អាជ្ញាសឹកចាប់ពលរដ្ឋខ្មែរទៅដាក់ទោសទណ្ឌតាមច្បាប់របស់ប្រទេសថៃ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត







