跳至正文
西哈努克省电视台 · 官方网站
登录

នាវាកងទ័ពចិននិងអូស្ត្រាលីចូលចតនៅកម្ពុជាចំថ្ងៃចុងក្រោយដែលសៀមគម្រាមបណ្តេញពលរដ្ឋខ្មែរចេញពីភូមិ

历史原文 · 暂无当前语言译文

ខណៈឱសានុវាទចុងក្រោយរបស់អាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ ដែលឱ្យពលរដ្ឋខ្មែរចាកចេញពីភូមិព្រៃចាន់និងភូមិជោគជ័យ បានឈានមកដល់, នាវាកងទ័ពជើងទឹករបស់មហាយក្សចិនចំនួន ២គ្រឿង និងនាវាកងទ័ពជើងទឹកអូស្ត្រាលី១គ្រឿង បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរបស់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែតុលានេះ។ ការមកដល់នៃនាវាកងទ័ពជើងទឹករបស់មហាយក្សចិន និងអូស្ត្រាលី បានរៀបចំទទួលបដិសណ្ឋារកិច្ចពីភាគីកម្ពុជា រួមទាំងពង្រឹងកិច្ចការងារមួយចំនួន។ ក្នុងនោះនាវាកងទ័ពជើងទឹកអូស្ត្រាលីចំនួន១គ្រឿង មានឈ្មោះថា នាវា HMAS Ballarat នឹងធ្វើទស្សនកិច្ចនៅកម្ពុជា ចាបពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែតុលា។ ចំណែក នាវាកងទ័ពជើងទឹកមហាយក្សចិនដែលជាមហាមិត្តដែកថែបរបស់កម្ពុជាចំនួន ២គ្រឿង គឺទី១. ឈ្មោះ នាវា Qi Jiguang (PLAN 83) និងទី២, នាវា Yi Mengshan (PLAN 988) នឹងធ្វើទស្សនកិច្ចនៅកម្ពុជា រហូតដល់ថ្ងៃទី១៤ ខែតុលា។

ដោយឡែក ងាកមកភាពចម្រូងចម្រាស់នៅតាមបណ្តោយព្រំដែនកម្ពុជានិងថៃវិញ នៅព្រឹកថ្ងៃទី១០ ខែតុលានេះ កងកម្លាំងរបស់ប្រទេសថៃរាប់រយនាក់ បានចាប់ផ្តើមបំពានលើដែនអធិបតេយ្យរបស់កម្ពុជាជាថ្មីម្តងទៀតដែលប្រដាប់ដោយអាវុធ និងគ្រឿងចក្រធ្វើការចូលឈូសឆាយដីនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នេះបើតាមអ្នករាយការណ៍ព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅភូមិព្រៃចាន់។

ទន្ទឹមនឹងនេះ កាសែត The Nation ថៃ បានចុះផ្សាយថា កងទ័ពថៃបានគាំទ្រលើការប្រើប្រាស់ច្បាប់អាជ្ញាសឹក ដើម្បីដោះស្រាយការទន្ទ្រានកាន់កាប់របស់អ្នកភូមិកម្ពុជា មកលើអ្វីដែលខ្លួនអះអាងថា ជាអធិបតេយ្យភាពរបស់ថៃ។ កងទ័ពត្រូវបានចាត់ឱ្យរៀបចំសេចក្តីព្រាងច្បាប់ ដើម្បីធ្វើយ៉ាងណាឱ្យការងារនេះ ស្របតាមច្បាប់អន្តរជាតិ។

ចំណែក គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានការព្រួយបារម្ភខ្លាំងចំពោះសកម្មភាពកងទ័ពថៃដែលមានគម្រោងប្រើប្រាស់ច្បាប់អាជ្ញាធរសឹក ដើម្បីបណ្តេញប្រជាពលរដ្ឋកម្ពុជាចេញដោយបង្ខំពីផ្ទះសម្បែង និងដីស្រែចម្ការរបស់ពួកគាត់ដែលស្ថិតនៅក្នុងទឹកដីកម្ពុជា។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទូចឱ្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សដោះស្រាយបញ្ហានេះ និងគាំទ្រសំណើរបស់កម្ពុជាដែលស្នើឱ្យមានការទទួលខុសត្រូវចំពោះការរំលោភបំពានទាំងនោះ។

រីឯ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចេញលិខិតតបទៅរដ្ឋបាលខេត្តស្រះកែវ ប្រទេសថៃថា ទីតាំងដែលអាជ្ញាធរខេត្តស្រះកែវតវ៉ា គឺស្ថិតក្នុងភូមិជោគជ័យ  ដែលមានប្រជាពលរដ្ឋខ្មែរ រស់នៅ កាន់កាប់ និងប្រើប្រាស់អាស្រ័យផលជាយូរមកហើយ។ អភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា រដ្ឋបាលខេត្តទាំងពីរ មិនមានសមត្ថកិច្ចកំណត់ព្រំដែនក្នុងតំបន់មិនទាន់មានការខណ្ឌសីមាព្រំដែនរួចរាល់នោះទេ។ ឯកឧត្តម អ៊ុ រាត្រី បានទទូចឱ្យអាជ្ញាធរខេត្តស្រះកែវបញ្ឈប់រាល់សកម្មភាពដែលពង្រីកទំហំវិវាទ និងបង្កើនភាពតានតឹង និងរង់ចាំដំណោះស្រាយរបស់ JBC ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…