«ខ្ញុំសូមមតិយោបល់ពីពុកម៉ែវិញ ដើម្បីយើងខ្ញុំគិតគូរទៅបានគ្រប់ជ្រុងជ្រោយ ឥឡូវខ្ញុំចង់ឮពីពុកម៉ែវិញថាចង់ឱ្យយើងខ្ញុំជួយពុកម៉ែតាមរបៀបណា?»។ នេះជាសំណួរដ៏ខ្លី ប៉ុន្តែពោរពេញមានអត្ថន័យជាទីបំផុតរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ដែលបានចោទសួរក្នុងអំឡុងពេលចុះជួបសួរសុខទុក្ខ និងពិសាអាហាសាមគ្គីជាមួយបងប្អូនក្រុមគ្រួសារអតីតយុទ្ធជន ក្នុងខេត្តព្រះសីហនុ នៅតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ នាព្រឹកថ្ងៃទី១១ ខែតុលានេះ។
ថ្នាក់ដឹកនាំដែលពោរពេញទៅដោយសមត្ថភាព និងចំណេះដឹងខ្ពស់ ហើយទទួលបានការស្រឡាញ់ និងពេញចិត្តពីប្រជាពលរដ្ឋជាច្រើន តែងតែយកចិត្តទុកដាក់ និងខ្វល់ខ្វាយពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងក្រុមគ្រួសារអតីតយុទ្ធជនដែលធ្វើឱ្យពួកគាត់មានជីវភាពសមរម្យ និងរស់នៅប្រកបដោយភាពរីករាយនៅក្នុងក្រុមគ្រួសារ។ ជាក់ស្តែង ឯកឧត្តម សាយ សំអាល់ បានទទួលការណែនាំពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ឱ្យមកមើលខុសត្រូវក្រុមគ្រួសារអតីតយុទ្ធជន ក្នុងខេត្តព្រះសីហនុទាំងអស់។ ក្នុងនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសន្យានឹងជួយអតីតយុទ្ធជនដែលជួបការលំបាកទាំងអស់នៅក្នុងខេត្តព្រះសីហនុ។
ទន្ទឹមគ្នានេះ ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា គោលដៅធំបំផុត គឺធ្វើយ៉ាងណាឱ្យក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់មានជីវភាពល្អប្រសើរ។ ជាមួយគ្នា ឯកឧត្តមសង្កត់ធ្ងន់ថា «ចំពោះពុកម៉ែដែលជាអតីតយុទ្ធជនប្រសិនបើមានដីអត់ផ្ទះ យើងខ្ញុំនឹងជួយគិតគូរ។ នេះខ្ញុំនិយាយដោយស្មោះ យើងមិនមានលុយកាក់តាមអ្វីដែលយើងចង់នោះទេ ប៉ុន្តែការខ្វះខាតលុយកាក់មិនមែនជាកត្តារារាំងមិនឱ្យយើងខ្ញុំជួយពុកម៉ែដែរ។ យើងនឹងជួយបាន ប៉ុន្តែគ្រាន់តែអាចនឹងទាមទារពេលវេលាបន្តិចអ៊ីចឹង»។ បើតាមឯកឧត្តមរដ្ឋមន្រ្តី អតីតយុទ្ធជនទាំងអស់បានលះបង់កម្លាំងកាយចិត្ត និងកម្លាំងប្រាជ្ញា ហើយអតីតយុទ្ធជនខ្លះក៏បានពលី ដើម្បីជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
តាមរយៈពិធីនេះ ឯកឧត្តម សាយ សំអាល់ ក៏បាននាំយកអំណោយរថយន្តសង្គ្រោះបន្ទាន់ ១គ្រឿងប្រគល់ជូនគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ ដើម្បីយកទៅប្រើប្រាស់តាមតម្រូវ និងភាពចាំបាច់ផងដែរ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ អត្ថបទ៖ ង៉ែត ពិសាន្ត រូបភាព៖ ឡាយ កុល


















