ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា លោកនឹងស្នើសុំគោលការណ៍ទៅថ្នាក់លើ ដល់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ អគ្គស្នងការដ្ឋាននគរបាលជាតិ និងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីបន្តពង្រឹងការចុះអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ ក្រោយការអប់រំរយៈពេល ៣ខែកន្លងមកនេះ ពុំទទួលបានលទ្ធផលល្អ ផ្ទុយមកវិញគឺកកើតមានគ្រោះថ្នាក់ចរាចរណ៍ច្រើន ដោយបានឆក់យកអាយុជីវិតមនុស្សក៏ច្រើនរួមទាំងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថាបច្ចុប្បន្នមាន ៣០% ទៅ ៤០% អ្នកជិះម៉ូតូនៅតាមដងផ្លូវសាធារណៈ មិនពាក់មួកសុវត្ថិភាព កុំថាឡើយពេលយប់ ឬពេលថ្ងៃ។ តើយើងបណ្តែតបណ្តោយឱ្យបងប្អូនយើងបាត់បង់ជីវិត គ្រោះថ្នាក់ពិការ ដោយសារយើងសាកល្បងមិនឱ្យចាប់ផាកពិន័យអនុវត្តច្បាប់ ដោយគ្រាន់តែណែនាំគាត់តទៅទៀតបានដែរទេ? លោកសុខចិត្តទទួលការរិះគន់ តែលោកចង់បានមកវិញ នូវស្ថេរភាពក្នុងសង្គម ភាពសុខសាន្ត សុខុដុមរមនា ទាំងអាយុជីវិត សម្ភារៈមធ្យោបាយ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិរួមរបស់សាធារណៈ។
គួររំលឹកដែរថា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានប្រកាសចាប់ពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បានសម្រេចបញ្ជាឱ្យអគ្គស្នងការនគរបាលជាតិ ដែលមានស្នងការនគរបាលរាជធានី-ខេត្តជាសេនាធិការ ផ្អាកជាបណ្ដោះអាសន្ន ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រហូតដល់មានការបញ្ជាក់ជាថ្មីនាពេលក្រោយ។ ក្នុងចន្លោះពេលនេះ មន្ត្រីនគរបាលចរាចរណ៍ទូទាំងប្រទេស និងបន្តអនុវត្តតួនាទីភារកិច្ច សម្របសម្រួលការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ ជាពិសេសតាមដងផ្លូវជាតិសំខាន់ៗ ដែលមានការធ្វើចរាចរណ៍របស់កងកម្លាំង អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋ ក្នុងបេសកកម្មការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិ៕
ដោយ៖ ចិន្តា ទីទិ



