ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ តបតាមការអញ្ជើញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន រដ្ឋមន្ត្រីការពារប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបីប្រទេស កម្ពុជា-ឡាវ-វៀតណាម។
យោងតាមលិខិតអញ្ជើញបានបញ្ជាក់ថា ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន រដ្ឋមន្ត្រីការពារប្រទេសឡាវ បានគោរពអញ្ជើញ ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញធ្វើទស្សនកិច្ចចូលរួមកិច្ចប្រជុំជំនួបប្រាស្រ័យមិត្តភាពការពារជាតិ ថ្នាក់រដ្ឋមន្ត្រីការពារជាតិបីប្រទេស និងពិធីបិទលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងកងទ័ពបីប្រទេស កម្ពុជា-ឡាវ-វៀតណាម ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រដ្ឋធានីវៀងច័ន្ទន៍។
ការអញ្ជើញចូលរួមកិច្ចប្រជុំរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងបញ្ជាក់ជាថ្មី ម្តងទៀត នូវចំណងមិត្តភាព សាមគ្គីភាព ដ៏យូរអង្វែង និងការប្ដេជ្ញាចិត្តរបស់ក្រសួងការពារជាតិកម្ពុជា នៃកងយោធពល ខេមរភូមិន្ទ រវាងកងទ័ពប្រជាជនឡាវ និងកងទ័ពប្រជាជនវៀតណាម សំដៅបង្កើននូវទំនាក់ទំនង និងជំរុញកិច្ច សហប្រតិបត្តិការការពារជាតិជាមួយគ្នាទៅវិញទៅមក ឱ្យកាន់តែស៊ីជម្រៅរឹងមាំបន្ថែមទៀត៕
សម្រួល៖ ចិន្តា ទីទិ


