សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឱ្យគ្រប់ក្រសួង-ស្ថាប័នទាំងអស់ ត្រូវចាត់ទុកការគ្រប់គ្រងគ្រោះមហន្តរាយ ជាការងារស្នូល និងពង្រឹងធនធានមនុស្ស និងសម្ភារៈសម្រាប់ការឆ្លើយតប។ ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១៣ ខែតុលានេះ បានធ្វើឡើងក្រោមប្រធានបទ «ធ្វើសកម្មភាពរៀងរាល់ថ្ងៃ សម្រាប់ភាពធន់នឹងគ្រោះមហន្តរាយថ្ងៃនេះ»។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហោះសារអបអរសាទរ និងអំពាវនាវឱ្យមានការលើកកម្ពស់វប្បធម៌ចែករំលែកចំណេះដឹងនិងបទពិសោធ ក្នុងការកាត់បន្ថយហានិភ័យ និងការយល់ដឹងអំពីគ្រោះមហន្តរាយ។
សម្ដេចធិបតី បានអំពាវនាវ៧ចំណុចបន្ថែមទៀត រួមមាន៖ ១. លើកកម្ពស់វប្បធម៌ចែករំលែកចំណេះដឹង និងបទពិសោធ ក្នុងការចាត់បន្ថយហានិភ័យ និងការយល់ដឹងអំពីគ្រោះមហន្តរាយ។ ២. គ្របក្រសួងស្ថាប័នទាំងអស់ ត្រូវចាត់ទុកការគ្រប់គ្រងគ្រោះមហន្តរាយ ជាការងារស្នូល និងពង្រឹងធនធានមនុស្ស និងសម្ភារៈសម្រាប់ការឆ្លើយតប ព្រមទាំងត្រូវចូលរួមផែនការសកម្មភាពជាតិ ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨ និងផែនទីបង្ហាញផ្លូវការថ្នាក់ជាតិស្តីពីការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នាឱ្យទទួលបានលទ្ធផលល្អ។ ៣. គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបន្តពង្រឹងប្រព័ន្ធអន្តរក្រសួង ដោយធ្វើការអភិវឌ្ឍសមត្ថភាពលើការគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយទៅតាមវិស័យ។ ៤. រាជធានី ខេត្ត ត្រូវលើកកម្ពស់ការគ្រប់គ្រងទឹកជំនន់ គ្រោះរាំងស្ងួត ជាមួយការកែលម្អហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកនៅមូលដ្ឋាន ដើម្បីបង្កើនភាពធន់របស់ប្រជាពលរដ្ឋទៅនឹងការប្រែប្រួលអាកាសធាតុនិងគ្រោះមហន្តរាយផ្សេងៗ។ ៥. ក្រសួងការពារជាតិ ត្រូវបន្តសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ យកចិត្តទុកដាក់លើកកម្ពស់សមត្ថភាព និងជំនាញបច្ចេកទេសរបស់កងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ។ ៦. លើកកម្ពស់ការអប់រំផ្សព្វផ្សាយ ការយល់ដឹងជាសាធារណៈអំពីហានិភ័យគ្រោះមហន្តរាយ ដល់សាធារណជន និងភាគីពាក់ព័ន្ធ ដោយត្រៀមខ្លួនជាស្រេចទៅនឹងគ្រោះមហន្តរាយ និង៧. ចូលរួមថែរក្សាកំណើនសេដ្ឋកិច្ច និងបង្កើនភាពធន់ ដោយវិនិយោគវៃឆ្លាតលើលំនៅឋាន សហគមន៍និងមុខរបរ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត









