«បញ្ហាម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង កំពុងក្លាយជាបញ្ហាដែលប៉ះពាល់យ៉ាងខ្លាំងដល់សង្គម»។ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសប្រើវិធានការថ្មីលើម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងលឺខ្លាំង ដោយត្រូវដកហូតមករក្សាទុកដូចករណីបង្ហោះម៉ូតូដែរ ដើម្បីទទួលការពិន័យ និងកាត់បន្ថយការរំខានជាសាធារណៈ។ លោក ជួន ណារិន្ទ ព្រមានដូច្នេះកាលពីថ្ងៃទី១១ ខែតុលា បន្ទាប់ពីលោកសង្កេតឃើញថា ការឃាត់អប់រំហាក់មិនមានប្រសិទ្ធិភាព ហើយកំពុងបង្កភាពអាណាធិបតេយ្យលើដងផ្លូវ ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ និងប៉ះពាល់ដល់សុវត្ថិភាពសាធារណៈនៅពេលបច្ចុប្បន្ន។
លោកស្នងការបានបញ្ជាក់បន្ថែមថា បញ្ហាម៉ូតូកែច្នៃត្រូវបានរកឃើញច្រើននៅតំបន់ទីប្រជុំជន និងតាមមហាវិថីធំៗ ជាពិសេសពេលយប់ អ្នកបើកបរមួយចំនួនកែច្នៃម៉ូតូរបស់ខ្លួនឱ្យមានសំឡេងរំខានខ្លាំង បង្កសំឡេងរំខានដល់អ្នករស់នៅជុំវិញ ជាពិសេសភ្ញៀវទេសអន្តរជាតិដែលមកកម្សាន្ដក្នុងរាជធានីភ្នំពេញ។ លោកជួន ណារិន្ទ បានអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន ត្រូវមានការយកចិត្តទុកដាក់ក្នុងការប្រើប្រាស់យានយន្តឱ្យមានវិន័យ សុវត្ថិភាព តាមបទបញ្ជាចរាចរណ៍ និងគោរពច្បាប់សាធារណៈ។ បញ្ហាម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង មិនត្រឹមតែជាបញ្ហារបស់សមត្ថកិច្ចទេ ប៉ុន្តែជាបញ្ហាសង្គមសរុប ដែលតម្រូវឱ្យមានការចូលរួមពីគ្រប់ភាគី ដើម្បីថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងភាពស្ងប់ស្ងាត់ក្នុងសង្គម៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត



