跳至正文
西哈努克省电视台 · 官方网站
登录

ស្នាព្រះហស្ថព្រះបរមរតនកោដ្ឋដែលបន្សល់ទុកក្នុងការចងចាំរបស់ប្រជារាស្រ្តខ្មែរ

历史原文 · 暂无当前语言译文

១៥ តុលា ១៣ឆ្នាំមុន រាស្រ្តខ្មែរសោកសៅទីបំផុត ព្រោះបាត់ក្សត្រដ៏ឆ្នើម។ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ គឺជាគម្រប់ខួប១៣ឆ្នាំ នៃការសោយទីវង្គតរបស់ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងជន្មាយុ ៩០ព្រះវស្សា។ ១៣ឆ្នាំមុន ប្រជាជនខ្មែរពេញផ្ទៃប្រទេស កើតក្តីសោកសង្រេង សោកស្តាយ អាឡោះអាល័យ ចំពោះការបាត់បង់មហាវីរក្សត្រដ៏ឆ្នើម និងមានស្នាព្រះហស្ថ ដ៏ច្រើនរាប់មិនអស់ ជាពិសេសការទាមទារឯករាជ្យជាតិពីបារាំង។ ដូច្នេះ សូមជូនជីវប្រវត្តិ ព្រះរាជបូជនីយកិច្ចសំខាន់ៗរបស់ព្រះបរមរតនកោដ្ឋ ដើម្បីរំលឹកឡើងវិញ និងជាការចូលរួមគោរពវិញ្ញាណក្ខ័ន្តចំពោះព្រះអង្គដូចតទៅ៖

ព្រះជន្មទើបតែ ១៨ព្រះវស្សា សម្តេចនរោត្តម សីហនុ បានឡើងគ្រងរាជ្យ បន្ទាប់ពីអយ្យកោ របស់ព្រះអង្គ ព្រះបាទមុនីវង្ស ចូលទិវង្គត នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១។ ការឡើងគ្រងរាជ្យនេះ រៀបចំឡើងដោយបារាំង ដោយរំលងព្រះបិតា របស់ព្រះអង្គសម្តេចព្រះនរោត្តម សុរាម្រិត។ មានមតិជាច្រើនយល់ថា ការដែលបារាំងជ្រើសរើស ព្រះបាទនរោត្តម សីហនុ ឱ្យឡើងសោយរាជ្យ ដោយរំលងព្រះបិតា ដោយសារតែបារាំងគិតថា ព្រះអង្គមានវ័យក្មេង វក់ចិត្តតែនឹងសិល្បៈចម្រៀង ភាពយន្ត មិនសូវរវីរវល់នឹងរឿងនយោបាយ ខ្វះបទពិសោធន៍ ងាយស្រួលក្នុងការបង្គាប់បញ្ជា។ ផ្ទុយទៅវិញ ព្រះអង្គម្ចាស់វ័យក្មេងអង្គនេះហើយដែលបានក្រោកឡើង តស៊ូទាមទារឯករាជ្យពីបារាំង។

ក្នុងឆ្នាំ១៩៤៧ ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ទទួលជោគជ័យ ក្នុងការទាមទារឱ្យថៃ សងមកកម្ពុជាវិញ ជាដាច់ខាតនូវខេត្តខ្មែរ ដែលថៃឈ្លានពាន យកពីខ្មែរអំឡុង ពេលចម្បាំង សកលលោកលើកទី២។ ខេត្ត៤ ត្រូវបានប្រគល់មកកម្ពុជាវិញនោះ គឺខេត្តបាត់ដំបង សៀមរាប កំពង់ធំ និងស្ទឹងត្រែង។ រហូតដល់ឆ្នាំ១៩៤៩ ព្រះអង្គបានទាមទារ ឱ្យប្រទេសបារាំង បញ្ឈប់នូវសន្ធិសញ្ញា អាណាព្យាបាល ដែលបានចុះហត្ថលេខានៅឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤។ នៅឆ្នាំដដែលនេះ ព្រះអង្គបានឡាយព្រះហត្ថលេខាលើសន្ធិសញ្ញាឯករាជ្យ ដែលប្រទេសបារាំង ព្រមទទួលស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យរបស់ព្រះរាជអាណាចក្រកម្ពុជា។ សន្ធិសញ្ញានេះ គឺបានលុបចោលនូវសន្ធិសញ្ញាអាណាព្យាបាលឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤។

យ៉ាងណាមិញ ស្ថិតក្នុងដំណាក់កាល ទាមទារឯករាជ្យ គឺពីឆ្នាំ១៩៥២ ដល់១៩៥៣ ព្រះអង្គបានយាងបំពេញព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យពេញបរិបូរណ៌ជូនជាតិមាតុភូមិ ដោយបានថ្លែងថា ព្រះអង្គនឹងខិតខំស្វែងរកឯករាជ្យបរិបូរណ៌ជូនជាតិ មាតុភូមិឱ្យបានដាច់ខាត ក្នុងរយៈពេល៣ឆ្នាំ។ ការតស៊ូដ៏ស្វិតស្វាញ តាមរយៈដំណើរយាងទៅកាន់ប្រទេសបារាំង ដើម្បីធ្វើសារលិខិតជូនប្រធានាធិបតី នៃសាធារណរដ្ឋបារាំងចំនួន ៣លើក តែមិនទទួលបានលទ្ធផលព្រះអង្គក៏សម្រេចធ្វើយុទ្ធនាការទាមទារឯករាជ្យនៅក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិកទៀត។ ទាំងនៅកាណាដា និងនៅសហរដ្ឋអាមេរិក ព្រះអង្គបានខិតខំទាំងផ្នែកការទូត និងធ្វើសេចក្ដីថ្លែងការណ៍យ៉ាងមានអត្ថន័យ ដើម្បីស្វែងរកឯករាជ្យជូនប្រទេសកម្ពុជា ក្នុងនោះនៅថ្ងៃទី១៩ មេសា ១៩៥៣ ខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់ព្រះអង្គ ត្រូវបានចុះផ្សាយដោយសារព័ត៌មានញូវយ៉កថែម លើទំព័រទី១ ដែលធ្វើឱ្យពិភពលោកទាំងមូល មានការភ្ញាក់ផ្អើល។

នោះគឺ «បើបារាំងមិនយល់ព្រមប្រគល់ឯករាជ្យឱ្យកម្ពុជាទេនោះ នឹងមានគ្រោះថ្នាក់មួយ យ៉ាងពិតប្រាកដ គឺថាប្រជាពលរដ្ឋខ្មែរនឹងក្រោកឈរឡើងប្រឆាំងនឹងបារាំង ហើយគេនឹងងាកទៅរកចលនាវៀតមិញ ដែលដឹកនាំដោយពួកកុំមុយនីស»។ ករណីមានការគំរាមកំហែង ប្រជាពលរដ្ឋប្ដេជ្ញាថា «ពួកបារាំងទាំងអស់ ដែលនៅក្នុងស្រុកខ្មែរ នឹងត្រូវឡោមព័ទ្ធ ហើយជីវិតចុងក្រោយ របស់ពួកគេនឹងមកដល់»។

ខ្លឹមសារនេះ បានបង្ខំឱ្យមតិសកលលោក ពិសេសលោកខាងលិច បានតម្រូវឱ្យរដ្ឋាភិបាលបារាំង ព្រមចូលរួមធ្វើការចរចាជាមួយរដ្ឋាភិបាលកម្ពុជា ស្ដីពីឯករាជ្យបរិបូរណ៌នៃរាជាណាចក្រកម្ពុជា។ ទីបំផុតនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយស្នាព្រះហត្ថដ៏ឧត្ដុង្គឧត្ដមរបស់ព្រះអង្គ ព្រះរាជាអាណាចក្រកម្ពុជា បានទទួលឯករាជ្យទាំងស្រុងពីសាធារណរដ្ឋបារាំង។ ប្រជារាស្ត្រកម្ពុជាទូទាំងប្រទេស បានថ្វាយព្រះកិត្តិនាមព្រះអង្គជា «ព្រះមហាវីរបុរសជាតិ ព្រះបិតាឯករាជ្យជាតិ»។

ពីរឆ្នាំក្រោយ ទទួលបានឯករាជ្យ ព្រះបាទនរោត្តម សីហនុ បានដាក់រាជ្យ ទៅឱ្យព្រះបិតា របស់ព្រះអង្គនៅឆ្នាំ១៩៥៥ ដើម្បីបង្កើត និងដឹកនាំចលនាសង្គមរាស្រ្តនិយម ដោយបានកាន់អំណាចជានាយករដ្ឋមន្រ្តីផង និងជាប្រមុខរដ្ឋផង។ រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ព្រះអង្គត្រូវបានក្រុមរបស់សេនាប្រមុខ លន់ នល់ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ទម្លាក់ពីតំណែងពេលព្រះអង្គបំពេញទស្សនកិច្ចនៅទីក្រុងម៉ូស្គូ។ ក្រោយត្រូវទម្លាក់ពីតំណែង ព្រះអង្គបានយាងចេញពីម៉ូស្គូទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន បង្កើតជារណសិរ្ស រួបរួមជាតិកម្ពុជា រួមជាមួយនឹងក្រុមខ្មែរក្រហម ប្រកាសអំពាវនាវឱ្យប្រជាជនកម្ពុជា រត់ចូលព្រៃកាន់អាវុធ ដើម្បីតស៊ូប្រឆាំងនឹងរបបលន់ នល់។

 ថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហម វាយចូលដល់ទីក្រុងភ្នំពេញ រំលាយរបប សាធារណរដ្ឋខ្មែរ ហើយបង្កើតជារបបកម្ពុជាប្រជាធិបតេយ្យ ដោយមានសម្តេច ព្រះនរោត្តម សីហនុ ជាប្រមុខរដ្ឋ។ ក៏ប៉ុន្តែមួយឆ្នាំក្រោយមកនៅខែមេសា ឆ្នាំ១៩៧៦ ព្រះអង្គបានលាលែងចេញពីតំណែង ជាប្រមុខរដ្ឋ ហើយត្រូវខ្មែរក្រហម បង្ខំឱ្យគង់តែនៅក្នុងវាំង ក្នុងទីក្រុងភ្នំពេញ រហូតដល់ខែមករា ឆ្នាំ១៩៧៩។ មុនពេលកងទ័ពវៀតណាម និងកងទ័ពរណសិរ្ស សាមគ្គីសង្រ្គោះជាតិកម្ពុជា វាយចូលដល់ទីក្រុងភ្នំពេញ សម្តេចព្រះនរោត្តម សីហនុ ត្រូវបានខ្មែរក្រហម ជម្លៀសចេញពីភ្នំពេញ តាមយន្តហោះទៅកាន់ទីក្រុងប៉េកាំង ហើយនៅឆ្នាំ១៩៨២ ព្រះអង្គបានសុខព្រះកាយចូលកាន់តំណែង ជាប្រមុខរដ្ឋ នៃរបបកម្ពុជាប្រជាធិបតេយ្យវិញ ដែលនៅពេលនោះ គឺជារដ្ឋាភិបាលនិរទេស ដើម្បីប្រយុទ្ធប្រឆាំង នឹងវត្តមានរបស់វៀតណាម នៅកម្ពុជា។

បន្តមកទៀត ក្នុងកាលៈទេសៈកម្ពុជា មានសង្រ្គាមស៊ីវិល ខ្មែរនិងខ្មែរ សម្តេចព្រះនរោត្តម សីហនុ បានដើរតួ ជាអ្នកសម្របសម្រួល ការចរចា រវាងភាគីជម្លោះ ចលនារាជានិយម ហ្វ៊ុនស៊ិនប៉ិច, ចលនាខ្មែរក្រហម, រណសិរ្សរបស់លោក សឺន សាន និងភាគីរដ្ឋកម្ពុជា ។ ការចរចានេះ ឈានដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ក្រោយមកសម្តេចសីហនុ បាននិរទេសព្រះកាយ ទៅក្រៅប្រទេសជាងមួយទសវត្សរ៍ និងបានយាងចូលកម្ពុជាវិញ នៅថ្ងៃ១៤ វិច្ឆិកា ឆ្នាំ១៩៩១ ក្នុងឋានៈជាបិតាឯករាជ្យ និងបង្រួបបង្រួមជាតិ។ នៅថ្ងៃទី២៤ កញ្ញា ឆ្នាំ១៩៩៣  សម្តេចព្រះនរោត្តម សីហនុ ក៏បានឡើងគ្រងរាជ្យ ជាលើកទីពីរ ក្នុងក្របខ័ណ្ឌ នៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ គឺគ្រងរាជ្យ តែមិនកាន់អំណាច។ រហូតដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០០៤ សម្តេចព្រះនរោត្តម សីហនុ បានប្រកាសដាក់រាជ្យ ជាលើកទី២។ ចាប់ពីពេលនោះមក ព្រះអង្គបានចំណាយពេលភាគច្រើនគង់នៅក្រៅប្រទេស ជាពិសេសគឺដើម្បីព្យាបាលជំងឺនៅទីក្រុងប៉េកាំង។

គួរបញ្ជាក់ថា ក្រោមរាជកិច្ចដឹកនាំរបស់ព្រះអង្គ ក្នុងសម័យសង្គមរាស្រ្តនិយម ប្រជារាស្រ្តខ្មែរ បានថ្វាយព្រះនាម ព្រះអង្គថាជា

-ព្រះបិតាឯករាជ្យជាតិ

-ព្រះបិតាសិក្សាធិការជាតិ

-ព្រះបិតាសុខាភិបាលជាតិ

-ព្រះបិតាកីឡាជាតិ

-ព្រះបិតាសា្ថបនាជាតិ ។

សមិទ្ធផលនានា ដែលជាប្រវត្តិសាស្រ្ត ត្រូវបានកសាងឡើងមានដូចជា វិមានឯករាជ្យ វិមានរដ្ឋចំការមន ចំណតអាកាសយានដ្ឋានពោធិ៍ចិនតុង ចំណតអាកាសយានដ្ឋានសៀមរាប ពហុកីឡាដ្ឋានជាតិអូឡាំពិកភ្នំពេញ សាលសន្និសិទចតុមុខ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាលាភូមិន្ទរដ្ឋបាល សាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជាដើម។ ក្នុងរយៈពេលនោះ ព្រះអង្គក៏បានទាមទារប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភ័ណ្ឌជាតិខ្មែរវិញ ដោយតុលាការក្រុងឡាអេ បានសម្រេចប្រគល់មកឱ្យកម្ពុជាវិញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…