(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៦ តុលានេះ បានជួបជាមួយលោកស្រី គីម ជីណា ( KIM Jina) អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ។ ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សា ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ហើយបានប្តេជ្ញាចាប់ដៃគ្នាបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមិនចាំបាច់មានអ្នកទីបីមកជួយជំរុញ។
យោងតាមសំណេររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីអំពីកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមក រវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរកូរ៉េ ហើយដែលបានសម្រេចនូវលទ្ធផលល្អជាផ្លែផ្កាជាច្រើនរួចមកហើយ។ ក្នុងពេលជាមួយគ្នា, កម្ពុជា និងកូរ៉េ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីបង្ការ, ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា, ការពារសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
ជាមួយគ្នានេះ សម្តេចធិបតីទំនងជាឆ្លើយតបទៅមេដឹកនាំថៃ ដែលថាមានគម្រោងពិភាក្សាជាមួយប្រធានាធិបតីកូរ៉េ ដើម្បីរកវិធីដោះស្រាយបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ដែលពាក់ព័ន្ធនឹងជនជាតិកូរ៉េ។ សម្តេចបានប្រាប់ភាគីកូរ៉េថា ប្រសិនករណីនេះជាការពិត សម្តេចប្រាប់ប្រធានាធិបតីកូរ៉េថា កម្ពុជាមិនត្រូវការពឹងពាក់ប្រទេសជិតខាងណាមួយ មកធ្វើការងារនេះជំនួសកម្ពុជាឡើយ ហើយមេដឹកនាំប្រទេសនោះគួរផ្តោតលើការដោះស្រាយបញ្ហាផ្ទៃក្នុងប្រទេសរបស់ខ្លួនឱ្យបានល្អទៅ។
ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងកូរ៉េ លើបញ្ហាប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រទេសយើងទាំងពីរមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ក្នុងកិច្ចសហការទ្វេភាគី ដើម្បីដោះស្រាយបញ្ហា និង មិនចាំបាច់មានអ្នកទីបីមកជួយជំរុញនោះទេ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ







