អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរទទួលបានអ្នកដំណើរចេញ-ចូលជាង ២,៧ លាននាក់ និងជើងហោះហើរជិត ៣ម៉ឺនជើង គិតចាប់តាំងថ្ងៃបើកដំណើរការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣រហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ។ នេះបើតាមរបាយការណ៍របស់រដ្ឋលេខាធិការរដ្ឋានអាកាសចរណ៍ស៊ីវិល។ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអកាសចរណ៍ស៊ីវិល នៅថ្ងៃទី១៦ ខែតុលា បានចូលរួមពិធីអបអរសាទរគម្រប់ខួប២ឆ្នាំ នៃការដាក់ឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) នៅខេត្តសៀមរាប។ លោក ម៉ៅ ហាវណ្ណាល់ អះអាងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានចូលរួមចំណែកក្នុងការស្ដានិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាននៅកម្ពុជា និងបានជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកស្ទួយអាកាសចរណ៍ ទេសចរណ៍ និងវិនិយោគ។ ទន្ទឹមគ្នានេះ ខេត្តសៀមរាប នឹងក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ភាពទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យបានប្រមាណ ៧,៥លាននាក់, ភ្ញៀវទេសចរក្នុស្រុកប្រមាណ ១០លាននាក់ក្នុងមួយឆ្នាំ និងបង្កើតការងារ ១,៦លាននាក់ និងនាំចំណូលសេដ្ឋកិច្ចជាតិប្រមាណ ៥,៩ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០៣៥។
ក្នុងពិធីនោះ ក៏មានការដាក់សម្ពោធរូបសំណាក «ព្រះរាជគ្រូទិវាករបណ្ឌិត» និងរូបសំណាកលោក ជីវ តាក្វាន់ ដើម្បីជានិម្មិតរូបនៃស្ពានសាមគ្គីសហប្រតិបត្តិការសម្រាប់តភ្ជាប់កម្ពុជាទៅកាន់ពិភពលោកឱ្យកាន់តែទូលំទូលាយ ហើយនឹងក្លាយទៅជាជន្ទល់សម្រាប់ទ្រទ្រង់វិស័យទេសចរណ៍ វិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត




