ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃបានអំពាវនាវឲ្យប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការប្រុងប្រយ័ត្ន មិនឲ្យបង់ប្រាក់សម្រាប់សេវាកម្មដោះស្រាយបញ្ហាគណនីហ្វេសប៊ុកដែលត្រូវបានបិទ (Facebook Disabled) ដោយបុគ្គលឯកជន ឬគណនីមិនមានប្រភពច្បាស់លាស់។
នាយកដ្ឋានបានឲ្យដឹងថា ថ្មីៗនេះ មានអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនជួបបញ្ហាគណនីត្រូវបានបិទដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់។ ទន្ទឹមនឹងនេះ ក៏មានបុគ្គលមួយចំនួនប្រើប្រាស់បណ្តាញសង្គម ដើម្បីផ្សព្វផ្សាយសេវាកម្មដោះស្រាយបញ្ហាគណនីហ្វេសប៊ុកដែលត្រូវបានបិទ ដោយគិតថ្លៃសេវាកម្មចន្លោះពី ៥០០ ដុល្លារ ដល់ ១,២០០ ដុល្លារ។
តាមរយៈបណ្តាញទំនាក់ទំនងផ្លូវការ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានផ្តល់អនុសាសន៍ដល់អ្នកប្រើប្រាស់ហ្វេសប៊ុកដូចតទៅ៖
១. កុំទាន់បង់ប្រាក់សម្រាប់សេវាកម្មដោះស្រាយបញ្ហាដោយបុគ្គលឯកជន ព្រោះអាចបណ្ដាលឲ្យខាតបង់ថវិកាដោយមិនទទួលបានលទ្ធផល។
២. សូមប្រុងប្រយ័ត្នចំពោះសេវាកម្មដែលមិនមានប្រភពច្បាស់លាស់ ឬមិនទទួលស្គាល់ផ្លូវការពីក្រុមហ៊ុន Meta ឬស្ថាប័នដែលមានសមត្ថកិច្ច។
៣. បញ្ហាគណនីហ្វេសប៊ុកដែលត្រូវបានបិទ អាចបណ្តាលមកពីក្រុមហ៊ុន Meta កំពុងធ្វើបច្ចុប្បន្នភាពប្រព័ន្ធ ដូច្នេះសូមរង់ចាំដំណោះស្រាយផ្លូវការពីក្រុមហ៊ុន។
នាយកដ្ឋានបានបញ្ជាក់ថា រហូតដល់ពេលនេះ មិនទាន់មានអំណះអំណាងណាមួយបញ្ជាក់ថាមូលហេតុនៃការបិទគណនីហ្វេសប៊ុកនោះជាអ្វីទេ។ ដូច្នេះ សូមអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ន និងទាក់ទងទៅក្រុមហ៊ុន Meta ដោយផ្ទាល់ សម្រាប់ការដោះស្រាយបញ្ហា ដើម្បីជៀសវាងការខាតបង់ទ្រព្យសម្បត្តិ និងជាការពារសុវត្ថិភាពគណនីផ្ទាល់ខ្លួន។
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ










