跳至正文
西哈努克省电视台 · 官方网站
登录

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី២០ តុលា ចំថ្ងៃខួបកំណើតសម្តេចធិបតី ហ៊ុន ម៉ាណែត

历史原文 · 暂无当前语言译文

ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាគម្រោងស្នាដៃដ៏អស្ចារ្យមួយរបស់កម្ពុជា នឹងត្រូវសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលក៏ជាថ្ងៃខួបកំណើតរបស់សម្តេចនាយករដ្ឋមន្ត្រីផងដែរ។

អាកាសយានដ្ឋានអន្តរជាតិតេជោ មិនត្រឹមជាស្ថានីយ៍អាកាសចរណ៍ទេ ប៉ុន្តែជាមោទនភាពជាតិរបស់ប្រជាជនកម្ពុជាទាំងមូល។ គម្រោងនេះមានគោលគំនិតដើមពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលការដ្ឋានសាងសង់បានចាប់ផ្តើមនៅឆ្នាំ២០២០ ដោយស្នាដៃស្ថាបត្យករ វិស្វករ និងជាងសំណង់ជាកូនខ្មែរ។

គម្រោងសាងសង់មានតម្លៃវិនិយោគដំបូងប្រមាណ ១,៥ ពាន់លានដុល្លារ ជាគម្រោងរដ្ឋ-ឯកជនចម្រុះ ដែលរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលចូលរួមវិនិយោគចំនួន១០ភាគរយ។ ក្រុមហ៊ុនអូស៊ីអាយស៊ី (OCIC) គឺជាភាគីសំខាន់ក្នុងការអភិវឌ្ឍន៍គម្រោងនេះ។ ប៉ុន្តែបន្ទាប់មក តម្លៃវិនិយោគបានកើនឡើងដល់ជាង ២ ពាន់លានដុល្លារ នៅពេលអាកាសយានដ្ឋានបើកប្រតិបត្តិការដំបូង នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។

អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានស្ថាបនាឡើងលើផ្ទៃដីជាង ២,៦០០ ហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងផ្នែកមួយនៅស្រុកបាទី ខេត្តតាកែវ មានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីកណ្តាលរាជធានីភ្នំពេញ។

អាកាសយានដ្ឋាននេះត្រូវបានចាត់ទុកថា ជាព្រលានយន្តហោះប្រភេទ 4F ដែលអាចទទួលយន្តហោះធុនធំៗដូចជា Airbus A380-800 និង Boeing 747-800 ចុះចតបាន។ ផ្លូវរត់យន្តហោះមានប្រវែង៤គីឡូម៉ែត្រ ដែលអាចបម្រើការហោះហើរឆ្លងទ្វីបបានយ៉ាងងាយស្រួល។

តាមការវាយតម្លៃរបស់អាជ្ញាធរអាកាសចរណ៍ស៊ីវិល អាកាសយានដ្ឋានអន្តរជាតិតេជោត្រូវបានចាត់ថ្នាក់លេខ៩ ក្នុងចំណោមព្រលានយន្តហោះប្រភេទ 4F នៅលើពិភពលោក ហើយក៏ជាស្ថាបត្យកម្មដ៏មានឥទ្ធិពលមួយ ក្នុងចំណោមស្ថាបត្យកម្មលេចធ្លោ១១ ទូទាំងពិភពលោកផងដែរ។

តាមផែនការ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់ចេញជា ៣ ដំណាក់កាល៖

  • ដំណាក់កាលទី១ (២០២៥)៖      មានផ្លូវរត់ប្រវែង៤គីឡូម៉ែត្រ អាចទទួលអ្នកដំណើរបានជាង១៥លាននាក់ក្នុងមួយឆ្នាំ។
  • ដំណាក់កាលទី២ (២០២៨–២០៣០)៖      បន្ថែមផ្លូវរត់ទី២ បង្កើនសមត្ថភាពទទួលអ្នកដំណើរដល់៣០លាននាក់ក្នុងមួយឆ្នាំ។
  • ដំណាក់កាលទី៣ (២០៥០)៖      អាចទទួលអ្នកដំណើររហូតដល់៤៥លាននាក់ក្នុងមួយឆ្នាំ។

ក្រៅពីការជំរុញវិស័យអាកាសចរណ៍ អាកាសយានដ្ឋានអន្តរជាតិតេជោ ក៏នឹងមានតួនាទីសំខាន់ក្នុងការរីកចម្រើនវិស័យទេសចរណ៍ ដឹកជញ្ជូន ទំនិញ អចលនទ្រព្យ និងពាណិជ្ជកម្មជុំវិញតំបន់នោះផងដែរ។

អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាវិស័យវិនិយោគមានទស្សនវិស័យយូរអង្វែង ដែលមានគោលបំណងបំផុតក្នុងការអភិវឌ្ឍឲ្យក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ (Hub) សម្រាប់ទាំងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ឲ្យកម្ពុជាឈានទៅកាន់កម្រិតអន្តរជាតិពេញលេញ។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

评论

正在加载评论…