ដោយសាររយៈពេលពីរថ្ងៃចុងក្រោយចុងនេះ មានអតិថិជននៅតាមធនាគារខ្លះមានការបារម្ភ ហើយបានទៅសម្រុកដកប្រាក់របស់ខ្លួនវិញ ជាពិសេសធនាគារព្រីនស៍ ម.ក, ធនាគារជាតិនៃកម្ពុជា កំពុងចាត់វិធានការចាំបាច់នានា ដើម្បីធានាប្រតិបត្តិការជាប្រក្រតីនូវគណនីទាំឡាយរបស់អតិថិជននៅធនាគារព្រីនស៍ ម.ក និងជាពិសេសដើម្បីធានានូវសុវត្ថិភាពសាច់ប្រាក់របស់អតិថិជនរបស់ធនាគារនោះ។ ការបញ្ជាក់បែបនេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេស បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនមេរបស់ធនគារនេះជុំវិញការចោទប្រកាន់ពាក់ព័ន្ធបទឧក្រិដ្ឋឆបោកតាមអនឡាញ។
ដោយឡែក ព័ត៌មានដែលបានផ្សព្វផ្សាយពាក់ព័ន្ធធនឆគារព្រីនស៍ ម.ក អាជ្ញាធរមានសមត្ថិកិច្ចកម្ពុជា បាននិងកំពុងចាត់វិធានការត្រួតពិនិត្យលើធនាគារព្រីនស៍ ម.ក យ៉ាងយកចិត្តទុកដាក់។ ការចាត់វិធានការត្រួតពិនិត្យនេះ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិ បានបញ្ជាក់បន្ថែមថា ដើម្បីធានាថា ធនាគារនេះមានអនុលោមភាពត្រឹមត្រូវតាមច្បាប់កម្ពុជា។ ធនាគារជាតិកម្ពុជា បានឱ្យដឹងទៀតថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ស្ថិតនៅក្រោមវិធានការប្រុងប្រយ័ត្នយ៉ាងតឹងរឹង និងមានកម្រិតសន្ទនីយភាព (សាច់ប្រាក់)គ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការសាច់ប្រាក់របស់អតិថិជន៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត









