មគ្គុទ្ទេស៍ទេសចរណ៍ម្នាក់ គឺលោក ពិន ប៉ូច ត្រូវបានឃាត់ខ្លួនដោយកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែតុលា នៅក្រុងសៀមរាប ខេត្តសៀមរាប តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទរួមគំនិតក្បត់ ដែលធ្វើសកម្មភាពតាមរយៈប្រព័ន្ធប្រព្រឹត្តកម្មបច្ចេកវិទ្យា និងទូរគមនាគមន៍ និងប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក។ ករណីនេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងថា ការឃាត់ខ្លួនបុគ្គលខាងលើ គឺសមត្ថកិច្ចអនុវត្តត្រឹមត្រូវតាមនីតិវិធីច្បាប់ដោយផ្នែកលើអង្គហេតុ អង្គច្បាប់ និងភស្តុតាងច្បាស់លាស់ នៃការប្រព្រឹត្តបទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌដោយមិនជាប់ពាក់ព័ន្ធរឿងនយោបាយនោះឡើយ។ ផ្ទុយទៅវិញ ការអនុវត្តន៍ច្បាប់ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើសខុសច្បាប់គឺជាការពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យដែលតម្រូវឱ្យបុគ្គលគ្រប់រូបត្រូវចូលរួមគោរពច្បាប់ជាធរមាន។ ជនសង្ស័យត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធី។
តាមចម្លើយសារភាព និងប្រមូលបានភស្តុតាង ជនសង្ស័យពិតជាបានប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយខ្លឹមសារ និងបញ្ចេញមតិយោបល់ក្នុងបណ្តាញសង្គមចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជាគ្មានមូលដ្ឋាន និងអង្គហេតុច្បាស់លាស់ ដើម្បីបណ្តុះគំនិតជ្រុលនិយមទុច្ចរិតក្នុងគោលបំណងអូសទាញបំផុសបំផុលប្រជាពលរដ្ឋ ដែលជឿខ្វះការគិតពិចារណាតាមរយៈការញុះញង់ឱ្យចូលរួមធ្វើបដិវត្តពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមលំនាំប្រទេសនេប៉ាល់ ដែលជាសកម្មភាពប្រព្រឹត្តបទល្មើសខុសច្បាប់មិនស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។ ដូច្នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបដិសេធ និងច្រោនចោលការលើកឡើងរបស់អង្គការសង្គមស៊ីវិលមួយចំនួនតូច ដែលបានផ្សាយលើបណ្តាញសង្គមចោទប្រកាន់មកលើសមត្ថកិច្ចថា អនុវត្តន៍ច្បាប់ចំពោះជនសង្ស័យខាងលើជាការរំលោភបំពានសិទ្ធិសេរីភាពបញ្ចេញមតី និងបំភិតបំភ័យផ្នែកនយោបាយ។ ការផ្សព្វផ្សាយចោទប្រកាន់នេះ ជាការផ្សាយព័ត៌មានមិនពិត ដោយមិនផ្អែកលើអង្គហេតុ អង្គច្បាប់ឱ្យបានត្រឹមត្រូវនោះឡើយ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត



