跳至正文
西哈努克省电视台 · 官方网站
登录

គម្រោងព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្តើមជីកចុងខែវិច្ឆិកា ឬដើមខែធ្នូ ឆ្នាំ២០២៥ ខណៈការងារដោះស្រាយផលប៉ះពាល់កំពុងដំណើរការ

历史原文 · 暂无当前语言译文

ភ្នំពេញ៖ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្តើមការជីកជាលក្ខណៈផ្លូវការ នៅពេលទឹកស្រក ដែលអាចប្រព្រឹត្តទៅចុងខែវិច្ឆិកា ឬដើមខែធ្នូ ឆ្នាំ២០២៥ខាងមុខ។

តាមការបញ្ជាក់របស់ឯកឧត្តម នៅថ្ងៃទី២២ តុលា ឆ្នាំ២០២៥ តាមរយៈបណ្តាញសង្គមផ្លូវការរបស់ក្រសួង បានលើកឡើងថា គម្រោងនេះមិនមានការប្រែប្រួល ឬបញ្ហាផ្សេងទេ ហើយកំពុងដំណើរការតាមតារាងកាលបរិច្ឆេទ ដែលបានកំណត់សម្រាប់ដំណាក់កាលនីមួយៗ។ បច្ចុប្បន្ន គម្រោងស្ថិតនៅក្នុងដំណាក់កាលវាស់វែង និងដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋ។

ការដោះស្រាយផលប៉ះពាល់ត្រូវបានអនុវត្តតាមយន្តការផ្លូវការរបស់រាជរដ្ឋាភិបាល ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយការចូលរួមពីក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរដែនដី និងប្រជាពលរដ្ឋនៅតំបន់ពាក់ព័ន្ធ។ ឯកឧត្តម ផន រឹម បន្ថែមថា ក្រុមការងារដោះស្រាយផលប៉ះពាល់កំពុងអនុវត្តការងារនៅ កំណាត់ទី២ ក្នុងខេត្តកណ្តាល ដោយធ្វើការវាស់វែង អង្កេត និងចងក្រងទិន្នន័យលម្អិតលើសំណង់ លំនៅដ្ឋាន និងដីស្រែ នៅស្រុកកោះធំ។ ក្រុមការងារបានសម្ភាសន៍ និងផ្ដិតមេដៃប្រជាពលរដ្ឋរងផលប៉ះពាល់ ព្រមទាំងរៀបចំវេទិកាពិភាក្សា និងសម្របសម្រួលជាបន្តបន្ទាប់។

ឯកឧត្តមបន្ថែមថា ប្រសិនបើមិនមានការប្រែប្រួល ឬបញ្ហាផ្សេងៗ គម្រោងនេះនឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៨។ គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានចាត់ទុកថាជាគម្រោងប្រវត្តិសាស្ត្រមួយ ដែលនឹងផ្លាស់ប្តូរមុខមាត់ប្រទេសកម្ពុជា ក្នុងវិស័យនាវាចរណ៍ និងដឹកជញ្ជូនតាមផ្លូវទឹក និងសមុទ្រ។

ផ្លូវទឹកប្រវត្តិសាស្ត្រនេះនឹងឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល តាកែវ កំពត និងកែប ហើយត្រូវបានរចនាឡើងសម្រាប់នាវាដែលមានទម្ងន់ផ្ទុករហូតដល់ ៣,០០០ DWT អាចធ្វើចរាចរណ៍ទៅមក និងជៀសគ្នាបានយ៉ាងសុវត្ថិភាព។

គម្រោងនេះនឹងជួយបង្កើតបណ្តាញផ្លូវទឹកក្នុងស្រុកដែលមានភាពតភ្ជាប់គ្រប់ជ្រុងជ្រោយ បំពេញចន្លោះប្រហោងនៅក្នុងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក និងសមុទ្ររបស់កម្ពុជា បង្កើនប្រសិទ្ធភាព កាត់បន្ថយចម្ងាយ និងថ្លៃដើមដឹកជញ្ជូន ពង្រឹងសមត្ថភាពប្រកួតប្រជែង និងធានាឯករាជ្យភាពសេដ្ឋកិច្ចជាតិ។

នៅពេលគម្រោងនេះបញ្ចប់ នឹងចូលរួមជួយលើកកម្ពស់ការតភ្ជាប់បណ្តាញដឹកជញ្ជូនក្នុងស្រុកទៅសមុទ្រជាតិ និងអន្តរជាតិ ជំរុញការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងជួយពង្រឹងសេដ្ឋកិច្ចជាតិឲ្យមានចីរភាព។

គម្រោងនេះក៏នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ដូចជា ការជំរុញការអភិវឌ្ឍវិស័យធនធានទឹក ប្រព័ន្ធធារាសាស្រ្ត កសិកម្ម ទេសចរណ៍ ពាណិជ្ជកម្ម និងសំណង់ ជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងឡូជីស្ទីក បង្កើនផលិតភាព និងបង្កើតការងារថ្មីៗជាច្រើនសម្រាប់ប្រជាពលរដ្ឋ។

គម្រោងធំមានអត្ថន័យប្រវត្តិសាស្ត្រនេះ គឺជាគំនិតផ្តួចផ្តើមដ៏ឆ្ពោះឆ្ពៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ហើយបន្តអនុវត្តដោយ រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីបន្សល់ទុកជាប្រវត្តិសាស្ត្រសម្រាប់ជាប្រយោជន៍ដល់ជំនាន់ក្រោយ៕

ប្រភព៖ ក្រសួងព័ត៌មាន

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

评论

正在加载评论…