នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ត្រឡប់មាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានចូលរួមកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី។
ក្រសួងការពារជាតិកម្ពុជា សូមសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងក្រសួងការពារជាតិម៉ាឡេស៊ី ដែលបានទទួលរៀបចំ និងផ្តល់ការគាំទ្រយ៉ាងល្អ ក្នុងការប្រតិបត្តិកិច្ចប្រជុំពិសេសនេះ រួមទាំងកិច្ចប្រជុំត្រៀមការរបស់ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ផងដែរ។
ដោយ៖ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ






