跳至正文
西哈努克省电视台 · 官方网站
登录

ជើងហោះថ្មី ភ្នំពេញ–តូក្យូ បើកផ្លូវថ្មីសម្រាប់ការជំរុញទេសចរណ៍ និងការតភ្ជាប់អាកាសកម្ពុជា–ជប៉ុន

KPS99TV历史原文 · 暂无当前语言译文

ជើងហោះហើរថ្មីរវាងរាជធានីភ្នំពេញ និងរាជធានីតូក្យូ ត្រូវបានសម្ពោធដំណើរការយ៉ាងផ្លូវការនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ ក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយ សម្រាប់ការលើកកម្ពស់វិស័យទេសចរណ៍ និងការតភ្ជាប់អាកាសរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋជប៉ុន។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជើងហោះហើរនេះ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ ការបើកដំណើរការជើងហោះថ្មីនេះមានការចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល, ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា, លោក Zhan David នាយកប្រតិបត្តិក្រុមហ៊ុន Air Cambodia, លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អិនវេសមិន ឯ.ក (CAIC) ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបពីស្ថាប័នរដ្ឋ និងឯកជន។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានមានប្រសាសន៍ថា “ថ្ងៃនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយក្នុងទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន។ ការបើកដំណើរការជើងហោះផ្ទាល់រវាងភ្នំពេញ–តូក្យូ នឹងធ្វើឱ្យការធ្វើដំណើររបស់ភ្ញៀវទេសចរ និងអ្នកវិនិយោគពីប្រទេសទាំងពីរ កាន់តែមានភាពងាយស្រួល និងរហ័សជាងមុន។ វាជាភស្តុតាងនៃមិត្តភាពដ៏រឹងមាំ និងសម្ព័ន្ធភាពយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ។”

ឯកឧត្តមបានបន្ថែមថា “តាមរយៈបណ្តាញហោះហើរថ្មីនេះ យើងរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរជប៉ុនឱ្យមកទស្សនាកម្ពុជាច្រើនឡើង ដើម្បីស្វែងយល់អំពីវប្បធម៌ សម្បត្តិធម្មជាតិ និងការស្វាគមន៍ដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា។ ជាមួយគ្នានេះ វាក៏ជាឱកាសសម្រាប់ប្រជាជនកម្ពុជាទៅទស្សនាប្រទេសជប៉ុនផងដែរ។”

ឯកឧត្តមបានបញ្ចាក់បន្ថែមថា ក្រសួងទេសចរណ៍ នឹងបន្តសហការជិតស្និទ្ធជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដៃគូជប៉ុន និងក្រុមហ៊ុនអាកាសចរណ៍ ដើម្បីពង្រឹងសេវាហោះហើរផ្ទាល់ និងលើកកម្ពស់ទេសចរណ៍រវាងប្រទេសទាំងពីរបន្ថែមទៀត។

ការបើកជើងហោះភ្នំពេញ–តូក្យូ នេះ មិនត្រឹមតែជាជំហានសំខាន់ក្នុងការជំរុញទេសចរណ៍និងវិនិយោគទេ ប៉ុន្តែជាសញ្ញានៃការចាប់ដៃគ្នាដ៏រឹងមាំ រវាងប្រទេសកម្ពុជា និងជប៉ុន ក្នុងការតភ្ជាប់ទៅកាន់ពិភពលោក។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

评论

正在加载评论…