ពលរដ្ឋរាប់ពាន់គ្រួសារនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ សាទរចំពោះការទទួលបានប្រព័ន្ធលូរំដោះទឹកភ្លៀង និងផ្ទះគំរូធន់នឹងការប្រែប្រួលអាកាសធាតុ ក្រោមការគាំទ្រពីគម្រោងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុតាមរយៈអន្តរាគមន៍ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៅតំបន់លំនៅឋានតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា (CCA4CS)។
ប្រព័ន្ធលូរំដោះទឹកភ្លៀង និងផ្ទះគំរូធន់នឹងការប្រែប្រួលអាកាសធាតុ បានដាក់សម្ពោធជាផ្លូវការ និងបានប្រគល់ជូនប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃនប់នាថ្ងៃទី២៧ ខែតុលា ក្រោមវត្តមានឯកឧត្តម ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោកស្រី អូឌីសៀ អាងជីឡូ បារីហ្យូ (Odicea Angelo Barrios) ប្រធានកម្មវិធីអង្គការ UN-Habitat ប្រចាំនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់។
លោកស្រីប្រធានកម្មវិធីអង្គការ UN-Habitat ប្រចាំនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានលើកឡើងថា ប្រព័ន្ធលូរំដោះទឹកភ្លៀងនេះ នឹងជួយបញ្ចៀសការជន់លិចនៅមុខផ្សារវាលរេញ ការពារមុខរបររបស់អាជីវករក្នុងផ្សារ និងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពសម្រាប់ទាំងប្រជាពលរដ្ឋក្នុងតំបន់ និងអ្នកធ្វើដំណើរឆ្លងកាត់។ ប្រព័ន្ធរំដោះទឹកភ្លៀងមិនត្រឹមតែជាដំណោះស្រាយបច្ចេកទេសនោះទេ ប៉ុន្តែវាក៏ជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងភាពធន់ និងអាកាសធាតុដែរ។ ចំណែក ផ្ទះគំរូធន់វិញ គឺតំណាងឱ្យសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងឱកាស ហើយផ្ទះទាំងនោះ នឹងផ្តល់នូវផាសុខភាព និងសុវត្ថិភាព ជាពិសេសអំឡុងពេលព្យុះ និងទឹកជំនន់ ព្រមទាំងជួយឱ្យក្រុមគ្រួសាររស់នៅគ្មានការភ័យខ្លាច។
ទន្ទឹមគ្នានេះ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ លើកឡើងថា ប្រព័ន្ធលូរំដោះទឹកភ្លៀងប្រមាណជាង ២គីឡូម៉ែត្រនេះ បានឆ្លើយតបចំពោះបញ្ហាទឹកជំនន់នៅតំបន់មុខវិទ្យាល័យវាលរេញ និងសាលាស្រុកព្រៃនប់ ខណៈប្រជាពលរដ្ឋដែលងាយរងហានិភ័យពីការប្រែប្រួលអាកាសធាតុ និងមានជីវភាពទីទាល់ក្រលំបាកចំនួន១១គ្រួសារទទួលបានផ្ទះចំនួន១១ខ្នងពីគម្រោង CCA4CS ។ លោកអភិបាលស្រុកព្រៃនប់ បានស្នើសុំឱ្យលោកស្រីប្រធាន ជួយបន្តគាំទ្រគម្រោងនៅក្នុងស្រុកព្រៃនប់ ជាពិសេសនៅក្នុងខេត្តព្រះសីហនុបន្ថែមទៀត។
ចំណែក ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏បានលើកឡើងដែរថា គម្រោង CCA4CS អនុវត្តនៅស្រុកព្រៃនប់ មិនត្រឹមតែជួយស្ថារបរិស្ថានឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមលើកកម្ពស់ជីវភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀត។ ពិសេសបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយភាពងាយរងគ្រោះដែលបណ្តាលមកពីការប្រែប្រែលអាកាសធាតុ និងត្រូវបានធានាថា ការគ្រប់គ្រងតំបន់សមុទ្រមានប្រសិទ្ធភាពខ្ពស់ និងចរីភាព។ ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានស្នើបន្ថែមពីលើអភិបាលស្រុកព្រៃនប់ដោយសុំឱ្យលោកស្រីប្រធានកុំទាន់ដកចិត្តទៅណាផ្សេង ដើម្បីបន្តជួយដល់គម្រោងនៅស្រុកព្រៃនប់បន្ថែម។
រីឯ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ភាវ សុវុទ្ធី បានគូសបញ្ជាក់ថា កិច្ចសហការរវាងអង្គការសហប្រជាជាតិសម្រាប់លំនៅឋាន (UN-Habitat) និងក្រសួងបរិស្ថាន រួមជាមួយខេត្តព្រះសីហនុ និងខេត្តកែប ក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ បានបង្កើតនៅសមិទ្ធផលជាច្រើនជូនដល់ប្រជាពលរដ្ឋនៅតាមតំបន់ឆ្នេរជារួម និងដោយឡែកប្រជាពលរដ្ឋនៅក្នុងខេត្តកែប និងក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ការរួមចំណែករបស់អង្គការ UN-Habitat បានឆ្លើយតបចំនឹងសេចក្តីត្រូវការ ហើយធន់នឹងការប្រែប្រួលអាកាសធាតុសំខាន់គឺឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុប្រកបដោយគុណភាព និងមានប្រសិទ្ធខ្ពស់។
គួររំលឹកថា ផ្ទះប្រជាពលរដ្ឋរាប់ពាន់ខ្នង នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ អាចនឹងរងការប៉ះពាល់ដោយសារខ្យល់កន្រ្តាក់ នារដូវរំហើយដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ពោលគឺពីអំឡុងខែវិច្ឆិកាដល់ខែធ្នូ ឬឈានដល់ខែមករាជារៀងរាល់ឆ្នាំ។ ជាក់ស្តែង នៅ កាលពីឆ្នាំ២០២២ មានផ្ទះប្រជាពលរដ្ឋរងការខូចខាតជាង ៣,៥៥៦ខ្នង ដោយសារខ្យល់កន្រ្តាក់, នៅឆ្នាំ២០២៣ រងការខូចខាតសរុប ១៩០ខ្នងផ្ទះ, នៅឆ្នាំ២០២៤ ខូចខាតសរុប ៤៤៣ខ្នងផ្ទះ និងនៅឆ្នាំ២០២៥ កាលពីដើមខែមករា គឺខូចខាតសរុបរហូតដល់ ១,៤៧៤ខ្នងផ្ទះ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ ទាវ វិឆាត

























