跳至正文
西哈努克省电视台 · 官方网站
登录

ជនសង្ស័យ៦៥នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីឆបោកតាមអនឡាញ នៅភ្នំពេញ និងកំពត

KPS99TV历史原文 · 暂无当前语言译文

(ភ្នំពេញ)៖ ជនសង្ស័យសរុប ៦៥នាក់ ក្នុងនោះជនជាតិវៀតណាម ៥៨នាក់ និងចិន ៧នាក់ ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន២ទីតាំងផ្សេងគ្នា កាលពីថ្ងៃទី២៨ ខែតុលា ក្នុងរាជធានីភ្នំពេញ និងខេត្តកំពត។

បើតាមការផ្សាយរបស់ក្រសួងព័ត៌មាន នៅរាជធានីភ្នំពេញ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងបង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទីតាំងអគារខុនដូរវិមានកុលាប ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាបុរសជនជាតិចិន ៧នាក់ និងដកហូតវត្ថុតាងមានកុំព្យូទ័រ៩គ្រឿង និងទូរសព្ទដៃចំនួន៣២គ្រឿង។

សមត្ថកិច្ចជំនាញអះអាងថា «ជនសង្ស័យសារភាថាពួកគេបានប្រើប្រាស់វិធីសាស្ដ្រឆបោក ក្រោមរូបភាពជាការលួងលោមស្នេហា (Romance scam) ដែលមានគោលដៅឆបោកទៅកាន់ប្រទេសផ្សេងៗ»។

នៅឯខេត្តកំពតវិញ សមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាប នៅផ្ទះល្វែងចំនួន៣ និងផ្ទះវីឡាមួយកន្លែង នៅភូមិរលួសសង្កាត់បឹងឈូក ក្រុងបូកគោ។ ប្រតិបត្តិការនេះ មានជនសង្ស័យជាជនជាតិវៀតណាម ៥៨នាក់  ក្នុងនោះស្រ្តីចំនួន១៥នាក់ ត្រូវបានឃាត់ខ្លួន ខណៈវត្ថុតាងរួមមាន កុំព្យូទ័រ៦៩គ្រឿង និងទូរសព្ទដៃ៤៨គ្រឿង ត្រូវបានដកហូត។ ក្រសួងព័ត៌មានបញ្ជាក់ទៀតថា ក្នុងចំណោមជនសង្ស័យទាំង ៥៨នាក់ មានមុខសញ្ញាក្នុងដីកាឃាត់ខ្លួនរបស់តុលាការចំនួន៧នាក់។

ផ្អែកតាមការធ្វើកោសល្យវិច័យលើឧបករណ៍អេឡិចត្រូនិច និងវត្ថុតាង សមត្ថកិច្ចអះអាងថា ក្រុមជនសង្ស័យនៅកំពតនេះ ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពវិនិយោគពាក់ព័ន្ធ និងរូបិយបណ្ណអេឡិចត្រូនិចលើគេហទំព័រ ក្លែងក្លាយ គ្មានប្រភពច្បាស់លាស់ ដែលមានគោលដៅទៅប្រទេសផ្សេងៗ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីរកអ្នកពាក់ព័ន្ធក្នុងបទល្មើសដើម្បីឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោង។ ចំណែក ជនសង្ស័យ និងវត្ថុតាងដែលរឹបអូស បានប្រគល់ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សមត្ថកិច្ចចម្រុះទូទាំងប្រទេស នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយគ្មានការលើកលែងឡើយ។ នៅរយៈពេលជាង២ឆ្នាំមកនេះ អាជ្ញាធរកម្ពុជាបានបណ្ដេញជនបរទេស ពាក់ព័ន្ធបទល្មើសអនឡាញជាង ១៥ ០០០នាក់។ នេះជាការអះអាងរបស់ឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…