នៅយប់ថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រសួងពាក់ព័ន្ធចំនួន៤ រួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការគ្នា ដើម្បីពង្រឹងការតភ្ជាប់ខ្សែច្រវាក់តម្លៃ ក្នុងវិស័យកសិកម្ម និងដោះស្រាយបញ្ហាប្រឈមរួមៗជាបន្តបន្ទាប់។
ឯកឧត្តមបញ្ជាក់ថា ការសហការនេះមានគោលបំណងបង្កើនសមត្ថភាពវិស័យឯកជន ក្នុងការស្រូបយក និងកែច្នៃវត្ថុធាតុដើមនៅក្នុងស្រុក បង្កើតតម្លៃបន្ថែម និងបង្កើនឱកាសទីផ្សារទាំងក្នុង និងក្រៅប្រទេស សម្រាប់ផលិតផលកសិកម្មរបស់ប្រជាកសិករកម្ពុជា។
កិច្ចប្រជុំពិសេសដែលរៀបចំក្នុងចុងសប្តាហ៍នេះ មានការអញ្ជើញចូលរួមពីសំណាក់ សម្តេចរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, និង រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះត្រូវបានចាត់ទុកថាជាជំហានសំខាន់មួយក្នុងការចងខ្សែសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងឯកជន ដើម្បីអភិវឌ្ឍវិស័យកសិកម្មឱ្យមានសក្តានុពលប្រកបដោយប្រសិទ្ធភាព និងចីរភាព។
ការសហការរបស់ក្រសួងទាំង៤ បង្ហាញពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សមត្ថភាពផលិតកម្មកសិកម្ម បង្កើតតម្លៃបន្ថែម និងពង្រឹងស្ថានភាពប្រកួតប្រជែងផលិតផលកសិកម្មកម្ពុជានៅទីផ្សារអន្តរជាតិ។
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ













