ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអំពាវនាវឱ្យថ្នាក់ដឹកនាំគ្រប់កំរិត ត្រូវឆាប់រៀបចំយុទ្ធសាស្ត្រដើម្បីដោះស្រាយបញ្ហាប្រឈម និងគិតមុនដើម្បីមានដំណោះស្រាយសមស្រប សម្រាប់លើកកម្ពស់ប្រសិទ្ធភាពនៃការងារ និងសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។
ប្រសាសន៍នេះ ឯកឧត្តមបានលើកឡើងនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី១ នៃខែវិច្ឆិកា ដែលប្រព្រឹត្តទៅនៅទីស្ដីការក្រសួងសុខាភិបាល ក្នុងរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម និងលោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង ប្រធានអង្គភាពថ្នាក់កណ្តាល និងប្រធានមន្ទីរសុខាភិបាលរាជធានីខេត្ត ដោយចូលរួមផងដែរតាមប្រព័ន្ធអនឡាញ (Zoom)។
ក្នុងឱកាសនោះ ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា បានណែនាំ និងផ្តល់អនុសាសន៍សំខាន់ៗចំនួនពីរ ដើម្បីជំរុញប្រសិទ្ធភាពការងាររបស់ក្រសួងសុខាភិបាល៖
- មន្ទីរសុខាភិបាលតាមខេត្តជាប់ព្រំដែន ត្រូវពិនិត្យ និងរៀបចំឱ្យមូលដ្ឋានសុខាភិបាលដែលផ្អាកការងារក្នុងកំឡុងពេលជម្លោះកម្ពុជា-ថៃ អាចដំណើរការឡើងវិញ ដើម្បីបម្រើសេវាប្រជាពលរដ្ឋបានទៀងទាត់។
- បន្តពង្រឹងសេវាបម្រើសុខាភិបាលឱ្យមានគុណភាព សមធម៌ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋ។
- គ្រប់មូលដ្ឋានសុខាភិបាលត្រូវមាន “ពិធីសារ” (Protocol) បិទប្រកាសឱ្យច្បាស់នៅលើជញ្ជាំង ដើម្បីងាយស្រួលក្នុងការអនុវត្តការងារ។
- យកចិត្តទុកដាក់លើការងារនិយ័តកម្ម និងការងារឱសថ ដោយផ្តោតលើគុណភាពផលិតផល និងការគ្រប់គ្រងត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស។
- ពង្រឹងការផ្សព្វផ្សាយអំពីសេវាសុខាភិបាលឱ្យទូលំទូលាយ តាមអង្គភាពនានា។
- ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពនៃការងារ និងការបម្រើសេវា។
- ថ្នាក់ដឹកនាំមន្ទីរពេទ្យត្រូវចុះពិនិត្យជាប្រចាំ ដើម្បីវាយតម្លៃសភាពហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន និងសេវាបម្រើទៅនឹងអ្នកជំងឺ។
- ជំរុញការកែលម្អមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដោយផ្តោតលើការរកឃើញ និងដោះស្រាយចំណុចខ្វះខាត។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំក្រសួងសុខាភិបាលទាំងមូល ជាពិសេសមន្ទីរសុខាភិបាលរាជធានីខេត្ត និងមណ្ឌលសុខភាពនៅជិតប្រជាពលរដ្ឋ ត្រូវបន្តពង្រឹងសេវាកម្មមានគុណភាព ប្រសិទ្ធភាព និងវិជ្ជាជីវៈ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែប្រសើរឡើង៕
ដោយ៖ ទូរទស្សន៍ខេត្តព្រះសីហនុ












