跳至正文
西哈努克省电视台 · 官方网站
登录

អាវុធហត្ថខេត្តកំពង់ស្ពឺ ៖ ក្មួយៗជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងដកខ្លួនចេញពីក្រុមបងតូច បងធំជាបន្ទាន់ ព្រោះច្បាប់មិនលើកលែងអ្នកពាក់ព័ន្ធនិងអំពើល្មើសនោះឡើយ

KPS99TV历史原文 · 暂无当前语言译文

លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានយកចិត្តទុកដាក់ខ្ពស់ចំពោះអនាគតកូនក្មួយដោយមិនចង់ធ្វើការបង្ក្រាប និងចាប់ខ្លួនយកមកអនុវត្តទោស ដែលនាំឱ្យខូចអនាគតនិងប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរនៃក្រុមគ្រួសារនោះទេ។ដូចនេះ (ដើម្បីអនាគតរបស់ក្មួយៗ សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងដកខ្លួនចេញពីក្រុមបងតូច បងធំជាបន្ទាន់)ព្រោះច្បាប់មិនដែលលើកលែងឱ្យក្មួយៗដែលពាក់ព័ន្ធនិងអំពើល្មើសនោះឡើយ។

ជាមួយគ្នានោះលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការណែនាំទៅដល់កម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសត្រូវបង្កើនការចុះផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងក្មេងទំនើងនៅតាមសាលារៀន ប្រសើរជាងការបង្ក្រាប ដែលផ្តល់ផលប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរក្រុមគ្រួសារ។

លោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺក្នុងឱកាសចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច)និងក្មេងទំនើងនៅក្នុងវិទ្យាល័យ ហ៊ុន សែន ភ្នំស្រួច ស្ថិតក្នុងស្រុកភ្នំស្រួច  ខេត្តកំពង់ស្ពឺ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលការចូលរួមពី លោក គ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រមាណជិ៣ពាន់នាក់។

បន្ថែមពីនេះ ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បញ្ជាក់ថា យុទ្ធសាស្ត្រនៃការផ្សព្វផ្សាយជាប្រចាំនៅគ្រប់វិទ្យាល័យនិងគ្រប់សាលា គឺដើម្បីជាសារក្រើនរំឭក ដាស់តឿនទៅដល់កូនក្មួយជាសិស្សានុសិស្សបានយល់ដឹងពីផលប៉ះពាល់នៃការសេពនិងប្រើប្រាស់គ្រឿងញៀន ពិសេសគឺសកម្មភាពក្មេងទំនើងដែលបង្កអសន្តិសុខក្នុងសង្គម។ហើយសារនេះក៏ជាប្រយោជន៍អាចជួយឱ្យយុវជនយើងយល់ដឹង និងជៀសវាងការប្រើប្រាស់នូវសារធាតុញៀននេះនិងអាចកាត់បន្ថយអំពើឧក្រិដ្ឋ ដូចជាលួចឆក់ ប្លន់ ឬហិង្សាក្នុងគ្រួសារ និងប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមជាតិ។

លោកវរសេនីយ៍ទោ ណុល ដារ៉ា ក៏បានលើកឡើងដោយបង្ហាញពីឱកាសនិងអនាគតយុវជនដែលមិនជាប់គ្រឿងញៀនថា យុវជនជាសសរទ្រូងនៃសង្គមជាតិ សង្គមជាតិមានភាពរឹងមាំគឺដោយមានធនធានមនុស្ស ពិសេសគឺយុវជនរបស់យើង។ ដូច្នេះសូមយុវជនទាំងអស់ត្រូវដកខ្លួន ជៀសឱ្យឆ្ងាយពីគ្រឿងញៀន កុំចង់សាក ចង់ដឹងឬភ្លក្សគ្រឿងញៀន ហើយត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន មួយវិញទៀតត្រូវបញ្ឈប់រាល់សកម្មភាពនានានៃការប្រមូលផ្តុំបង្កើតជាក្រុមក្មេងទំនើងដែលរាជរដ្ឋាភិបាលបាននិងកំពុងលុបបំបាត់ផងដែរ៕

ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ ៖ ប៉ៃ សុឃីម

评论

正在加载评论…