跳至正文
西哈努克省电视台 · 官方网站
登录

ថៃប្រកាសបញ្ចប់សុពលភាពប័ណ្ណការងារពលករខ្មែរខណៈកម្ពុជាប្រាប់ឱ្យពលករត្រឡប់មកស្រុកវិញ

KPS99TV历史原文 · 暂无当前语言译文

បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul បានប្រកាសថា មិនបន្តសុពលភាពប័ណ្ណការងារឱ្យពលករខ្មែរជិត១សែននាក់ ដែលកំពុងធ្វើការងារនៅប្រទេសថៃ ដោយសារបារម្ភពីការបង្កអសន្តិសុខ និងឧក្រិដ្ឋកម្មឆ្លងដែន,  អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ស៊ុន មេសា នៅព្រឹកថ្ងៃទី១១ខែវិច្ឆិកានេះបានអំពាវនាវដល់ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ ឱ្យវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីចៀសវាងការប្រឈមមុខនឹងផ្លូវច្បាប់។ ឯកឧត្តម ស៊ុន មេសា ក៏បានណែនាំដល់ពលករដែលកំពុងធ្វើការនៅប្រទេសថៃបើមានបញ្ហាអ្វីមួយសូមធ្វើការទំនាក់ទំនងជាមួយអនុព័ន្ធការងារប្រចាំប្រទេសថៃដើម្បីជួយសម្រួលអន្តរាគមន៍ និងដោះស្រាយឱ្យបានទាន់ពេលវេលា។

ចំណែកការប្រកាសរបស់នាយករដ្ឋមន្ត្រីថៃ ធ្វើឡើងបន្ទាប់ពីកងទ័ពថៃ២នាក់បានជាន់មីនបណ្តាលឱ្យដាច់ជើង និងរងរបួស កាលពីថ្ងៃទី១០ខែវិច្ឆិកា។ មិនតែប៉ុណ្ណោះ នាយករដ្ឋមន្រ្តី Anutin បានបញ្ជាឱ្យពន្យារពេលការចុះហត្ថលេខាលើសេចក្តីព្រាងរបស់ក្រសួងមហាផ្ទៃ ដែលអនុញ្ញាតឱ្យពលករខ្មែរស្នាក់នៅថៃក្នុងករណីពិសេសតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ផងដែរ។ យ៉ាងណា បច្ចុប្បន្នមានពលករខ្មែរធ្វើការនៅថៃជិត១សែននាក់ ដែលមានប័ណ្ណការងារផុតសុពលភាពតាំងពីខែកុម្ភៈ ឆ្នាំ២០២៥ ហើយត្រូវបានរដ្ឋាភិបាលថៃរបស់លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ អនុញ្ញាតឱ្យធ្វើការនៅថៃបន្តក្នុងករណីពិសេស ដោយសារថៃបិទព្រំដែនជាឯកតោភាគី។ ជាការរំលឹក៖គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានសម្រេចឱ្យពលករបរទេសសញ្ជាតិខ្មែរ ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដែលមានប័ណ្ណការងារផុតសុពលភាពអាចបន្តស្នាក់នៅ និងធ្វើការនៅថៃរយៈពេល១ឆ្នាំ ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារខ្វះខាតកម្លាំងពលកម្ម ប៉ុន្តែមុនពេលចូលជាធរមាននូវសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រី គឺមានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចុះហត្ថលេខា៕ 

ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…