ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា រយៈពេល៩ខែ នៃឆ្នាំ២០២៥នេះ កម្ពុជា បាននាំចេញផលិតផលកសិកម្មជាង ១១លានតោន ដែលកើនឡើងប្រមាណ ៣០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ និងដែលបញ្ជាក់ពីគុណភាព នៃផលិតផលកសិកម្មកម្ពុជា។ នេះបើតាមការឱ្យដឹងពីឯកឧត្តម រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើកឡើងក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ នៅថ្ងៃទី១៣ ខែវិច្ឆិកានេះ។
ឯកឧត្តម ប្រាក់ ដាវីដបានឲ្យដឹងផងដែរថា ក្នុងឆ្នាំ២០២៤កន្លងទៅ វិស័យកសិកម្មកម្ពុជា បានបន្តរួមចំណែកប្រមាណ ១៦,៧% នៃផលិតផលសរុបក្នុងស្រុក ជាមួយនឹងតម្លៃបន្ថែមសរុបជាង ៧,៨២ពាន់លានដុល្លារអាម៉េរិក។ កម្ពុជាបាន នាំចេញផលិតផលកសិកម្មជាង ១២លានតោន ទៅកាន់ទិសដៅ ៩៥ប្រទេស គិតជាទឹកប្រាក់ប្រមាណ ៥,៣ពាន់លានដុល្លារអាម៉េរិក។
តែទោះយ៉ាងណា ក្រសួងកសិកម្ម បានទទួលស្គាល់ថា វិស័យកសិកម្មកម្ពុជា បានបោះជំហានមកដល់ដំណាក់កាលថ្មី និងកំពុងជួបប្រទះបញ្ហាប្រឈមថ្មីមួយចំនួន ជាពិសេស និរន្តរភាពនៃផលិតកម្ម និងតម្រូវការទីផ្សារ, ថ្លៃដើមផលិតខ្ពស់, ទីផ្សារនិងការកែច្នៃកសិផលនៅមានកម្រិត និងការប្រែប្រួលមិនអាចស្មានទុកជាមុនបាននៃតម្លៃ កសិផលនៅលើទីផ្សារអន្តរជាតិ ដែលទាំងអស់នេះទាមទារឱ្យគ្រប់តួអង្គពាក់ព័ន្ធចូលរួមសហការ និងគាំទ្រកាន់តែសកម្ម និងមុតមាំថែមទៀត ក្នុងគោលបំណងបន្តរួមគ្នាដោះស្រាយ និងផ្តល់ក្តីសង្ឃឹមដល់ប្រជាកសិករដែលកំពុងខិតខំប្រឹងប្រែងផលិត ដើម្បីធានាសន្តិសុខស្បៀងផង លើកកម្ពស់ជីវភាពគ្រួសារផង និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិផង។
សូមបញ្ជាក់ថា ដើម្បីរួមចំណែកបង្កើនការស្រូបយកកសិផលក្នុងស្រុកមកកែច្នៃជាផលិតផលក្នុងស្រុក និងបង្កើត ទីផ្សារបន្ថែម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានរៀបចំ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជានេះឡើង ក្នុងគោលបំណងបង្កើតឱ្យមានវេទិកាពិភាក្សាកម្រិតខ្ពស់ និងការដាក់តាំងបង្ហាញកសិផលសក្តានុពលកម្ពុជា ដែលតាមរយៈនេះ វិស័យឯកជនទាំងក្នុង និងក្រៅប្រទេស ជាពិសេស វិនិយោគិន និងធុរជន នឹងមានឱកាសស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិកម្ម, កសិ-ពាណិជ្ជកម្ម និងកសិ-ស្បៀងអាហារនៅកម្ពុជា។
ក្រសួងកសិកម្ម សង្ឃឹមថា វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥នេះ នឹងក្លាយជាចំណុចចាប់ផ្តើមដ៏ល្អមួយទៀត សម្រាប់ការបង្កើនភាពជាដៃគូ រវាងវិនិយោគិន ធុរជន និងកសិករ ដែលនឹងចូលរួមចំណែកបង្កើតទីផ្សារបន្ថែមសម្រាប់កសិផលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាកសិករជាអ្នកផលិត។
ចំពោះវិស័យកសិកម្មកម្ពុជា សម្រេចបានលទ្ធផលគួរជាទីមោទនៈ ក្នុងរយៈពេល ជាច្រើនឆ្នាំកន្លងមកនេះ ដោយបានជំរុញប្រទេសកម្ពុជាឱ្យចេញផុតពីស្ថានភាពខ្វះស្បៀង និងពឹងផ្អែកលើជំនួយស្បៀងអាហារពីបរទេស មកជាការធានាបានទាំងស្រុងនូវសន្តិសុខស្បៀងក្នុងស្រុក ជាពិសេសក្នុងកាលៈទេសៈនៃការបិទព្រំដែនជាឯកតោភាគីរបស់ប្រទេសថៃ អស់រយៈពេលជាច្រើនខែកន្លងមកនេះ ដែលបង្ហាញពីចំណុចខ្លាំង និងភាពធន់នៃវិស័យកសិកម្មកម្ពុជាក្នុងពេលជួបវិបត្តិផងដែរ៕
ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម













