ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗជាច្រើននៅទូទាំងពិភពលោកបានរាយការណ៍យ៉ាងទូលំទូលាយអំពីឧប្បត្តិហេតុថ្មីៗនេះ ដែលកងទ័ពថៃបានបើកការបាញ់ប្រហារនៅតាមព្រំដែនកម្ពុជា-ថៃ ដែលបណ្តាលឱ្យមានការស្លាប់របស់ជនស៊ីវិលកម្ពុជាម្នាក់ និងរបួសជាច្រើននាក់ផ្សេងទៀត ដែលទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិយ៉ាងច្រើន។
យោងតាមគេហទំព័រ NHK WORLD របស់ប្រទេសជប៉ុន បានផ្សាយថាទាហានថៃបានបើកការបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជា ដោយបានសម្លាប់ជនស៊ីវិលម្នាក់ និងរបួសបីនាក់ផ្សេងទៀត។ ក្រោយមក នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើនេះ ដោយបញ្ជាក់ថា វាជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ និងអំពាវនាវឱ្យមានការបង្កើតគណៈកម្មាធិការស៊ើបអង្កេតឯករាជ្យមួយ ដើម្បីស៊ើបអង្កេតឧប្បត្តិហេតុនេះឱ្យបានហ្មត់ចត់។
កាសែតអាមេរិក Newsday បានដកស្រង់សេចក្តីថ្លែងការណ៍របស់សម្តេចធិតី ហ៊ុន ម៉ាណែត ដោយកត់សម្គាល់ថា ការបាញ់ប្រហារនេះបានកើតឡើង ខណៈពេលដែលកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាម៉េរិក ហាក់ដូចជាជិតដួលរលំ។
ទីភ្នាក់ងារ Anadolu របស់ប្រទេសទួរគីបានរាយការណ៍ថា ត្រឹមតែប៉ុន្មានថ្ងៃមុនហេតុការណ៍នេះ ប្រទេសថៃបានប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាព ហើយជម្លោះព្រំដែនដែលបានបន្តឡើងវិញបានធ្វើឱ្យមានសំណួរអន្តរជាតិអំពីហេតុផលរបស់របស់យោធាថៃបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជា។
ទាំង The Washington Post និង The Washington Times បានរាយការណ៍អំពីហេតុការណ៍នេះ ដោយកត់សម្គាល់ថា ភាពតានតឹងព្រំដែនបានកើនឡើងម្តងទៀត ហើយស្ថានភាពកាន់តែផុយស្រួយជាងពេលណាៗទាំងអស់ បន្ទាប់ពីយោធាថៃបាញ់ប្រហារមកលើប្រជាពលរដ្ឋកម្ពុជា។
គេហទំព័រ Aqreqator របស់ប្រទេសអាស៊ែបៃហ្សង់ ដោយដកស្រង់របាយការណ៍ដំបូងពីមន្ត្រីមូលដ្ឋាន បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិព្រៃចាន់ នៅតាមព្រំដែនរវាងខេត្តបាត់ដំបង និងប្រទេសថៃ ហើយយ៉ាងហោចណាស់មានមនុស្សប្រាំនាក់បានរងរបួសដោយសារគ្រាប់កាំភ្លើងរបស់យោធាថៃ។
លើសពីនេះ The Hindustan Times បានចង្អុលបង្ហាញថា ពីរថ្ងៃមុនការបាញ់ប្រហារនេះ ទាហានថៃម្នាក់បានរងរបួសដោយសារមីននៅតំបន់ព្រំដែនមួយផ្សេងទៀត ដែលអ្នកវិភាគជឿថាអាចធ្វើឱ្យថៃមានការថប់បារម្ភ និងការគណនាខុសកាន់តែធ្ងន់ធ្ងរ។
កាសែតប្រចាំថ្ងៃជាភាសាអង់គ្លេសរបស់ម៉ាកាវ គឺ The Daily News ក៏បានរាយការណ៍ផងដែរថា នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១២ ខែវិច្ឆិកា ដោយថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រើប្រាស់កម្លាំងយោធាថៃប្រឆាំងនឹងជនស៊ីវិលកម្ពុជា និងបញ្ជាក់ថា ប្រទេសកម្ពុជានឹងការពារអធិបតេយ្យភាពជាតិ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋរបស់ខ្លួនដោយសន្តិវិធី។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រក៏បានបញ្ជាក់ពីហេតុការណ៍នេះនៅថ្ងៃដដែលនោះផងដែរ ដោយបញ្ជាក់ថា «ការបាញ់ប្រហាររបស់យោធាថៃបណ្តាលឱ្យពលរដ្ឋកម្ពុជាម្នាក់ស្លាប់» បានទាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយពីអន្តរជាតិ ដោយគ្រប់ភាគីទាំងអស់កំពុងតាមដានយ៉ាងដិតដល់ថាតើស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃនឹងកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀតឬអត់!៕
ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

















