跳至正文
西哈努克省电视台 · 官方网站
登录

សំណើបញ្ហាប្រឈមរបស់ពលរដ្ឋក្រុងព្រះសីហនុស្នើទៅអាជ្ញាធរខេត្តឱ្យជួយដោះស្រាយ!

KPS99TV历史原文 · 暂无当前语言译文

ប្រជាពលរដ្ឋប្រមាណជិត៣០គ្រួសារក្នុងក្រុងព្រះសីហនុ បានលើកសំណើផ្សេងៗគ្នាទាំងផ្ទាល់មាត់ និងតាមរយៈសំបុត្រដាក់ស្នើទៅអាជ្ញាធរខេត្តព្រះសីហនុ ដើម្បីពិនិត្យ ពិភាក្សា និងជួយដោះស្រាយទៅតាមលទ្ធភាព។ សំណើទាំងនោះភាគច្រើន គឺប្រជាពលរដ្ឋស្នើសុំផ្លូវបេតុង, ការស្តារប្រព័ន្ធលូ ប្រឡាយរំដោះទឹកភ្លៀង, ការគ្រប់គ្រងនិងការប្រមូលសំរាម សំណល់រឹង និងរាវ, បញ្ហាដីធ្លី, បញ្ហាក្មេងទំនើងនិងបញ្ហាគ្រឿងញៀនក្នុងមូលដ្ឋាន ព្រមទាំងបញ្ហាផ្សេងៗជាច្រើនទៀត។ ពលរដ្ឋលើកសំណើដូច្នេះនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ នៅតាមក្រុងស្រុក ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ ដែលរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅសាលាពហុបច្ចេកទេសដុនបូស្កូ។

ភ្លាមៗបន្ទាប់ពីទទួលបានសំណើរបស់ប្រជាពលរដ្ឋ, ឯកឧត្តម ម៉ាង ស៊ីណេត បានចាត់ឱ្យលោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ សហការជាមួយអាជ្ញាធរនៃមន្ទីរពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់ និងអាជ្ញាធរមូលដ្ឋានចុះសិក្សា និងដោះស្រាយរាល់បញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះ។ ចំណែក លទ្ធភាពនៃការដោះស្រាយបានត្រឹមកម្រិតណានោះ គឺនៅមិនទាន់ច្បាស់នៅឡើយទេ ប៉ុន្តែឯកឧត្តមអភិបាលខេត្តថា នឹងជំរុញក្រុមការងារខេត្តឱ្យខិតខំជួយដោះស្រាយឱ្យអស់ពីលទ្ធភាព ដើម្បីការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។ យ៉ាងណាពាក់ព័ន្ធនឹងសំណើសុំខាងលើ ឯកឧត្តម ក៏បានទទូចឱ្យប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរទាំងអស់គ្នា ដើម្បីលើកតម្កើងសោភ័ណភាពក្នុងក្រុងព្រះសីហនុឱ្យមានភាពស្រស់បំព្រងបន្ថែម។ លើសពីនេះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា កន្លងមកខេត្ត បានធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ស្របតាមកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត ក្រុងស្រុកនិងឃុំសង្កាត់ ដោយប្រើប្រាស់កញ្ចប់ថវិការបស់រាជរដ្ឋាភិបាល ក៏ដូចជាកញ្ចប់ថវិកាចំណូលរបស់ខេត្ត ក្នុងការអភិវឌ្ឍមូលដ្ឋាន ដោយភ្ជាប់ជាមួយការងារសុខាភិបាល អបរំ និងកិច្ចគាំពារសង្គមជាដើម។

រីឯ ឯកឧត្តម វង្ស ផាណាត បានលើកឡើងថា ការរៀបចំបង្កើតឱ្យមានវេទិកានេះឡើង គឺមានសារៈសំខាន់ដែលជាការផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានលើកឡើងនូវមតិយោបល់ សំណើ សំណូមពរ និងផ្តល់អនុសាសន៍ឱ្យបានផុលផុសសម្រាប់កែលម្អដល់ការអភិវឌ្ឍមូលដ្ឋាន ជាពិសេសការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ឱ្យបានកាន់តែល្អប្រសើរប្រកបដោយគណនេយ្យភាព តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់ ដែលប្រជាពលរដ្ឋបានលើកក្នុងវេទិកានាពេលនេះ។ ជាការកត់សម្គាល់៖ ឯកឧត្តមក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តមអភិបាលខេត្ត ព្រមទាំងមន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានប្រើពេលជាង៥ម៉ោងនៅក្នុងវេទិកានេះពោលគឺចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោងជាង១២ថ្ងៃត្រង់ ដើម្បីស្តាប់នូវសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋដែលជួបការលំបាក៕

ទូរទស្សន៍ខេត្តព្រះសីហនុ អត្ថបទ៖ ង៉ែត ពិសាន្ត, រូបភាព៖ ទាវ វិឆាត

评论

正在加载评论…