បុរសជាជនសង្ស័យចំនួន៨នាក់រួមនឹងអាវុធខ្លីចំនួន៤ដើម ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន និងដកហូតបាន ពាក់ព័ន្ធនឹងការក្លែងខ្លួនជាកម្លាំងសមត្ថកិច្ច ដើម្បីធ្វើការចាប់ជំរិតជនបរទេសជាច្រើនរូបនៅក្នុងរាជធានីភ្នំពេញ។ ដោយឡែក តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០៨នាក់ខាងលើថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់ជំរិតទារប្រាក់ចំនួន០៦លើកពិតប្រាកដមែន។ ចំណែក ករណីចុងក្រោយ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៣និង២០នាទីទៀបភ្លឺ ពួកគេបានចាប់បង្ខាំង និងជំរិតជនជាតិចិន ដោយបង្ខំទារប្រាក់ជាង ៥ម៉ឺនដុល្លារអាមេរិក។ ជនរងគ្រោះជាបុរសជនជាតិចិនមានឈ្មោះ LONG JUN អាយុ២៩ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនមួយ មានទីលំនៅក្នុងខុនដូរ Le Condo បន្ទប់១០០១ ជាន់ទី១០ ផ្លូវ៥៧ កែង៣៥២ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ នេះបើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែវិច្ឆិកា។
រីឯ វត្ថុតាង ដែលសមត្ថកិច្ចបានចាប់យកពីជនសង្ស័យមានដូចជា៖ រថយន្តម៉ាកព្រូស ពណ៌ស ពាក់ផ្លាកលេខ កំពត 2B-8818 និងរថយន្តម៉ាកព្រូស ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2BQ-8101 និងកាំភ្លើងខ្លី ០៤ដើម មានគ្រាប់ចំនួន៣៨គ្រាប់, ទូរស័ព្ទចំនួន៦គ្រឿង, ខ្នោះដៃចំនួន៧, សម្លៀកបំពាក់កងរាជអាវុធហត្ថចំនួន ៤កំប្លេ, កាតកងរាជអាវុធហត្ថថតចម្លងចំនួន ២សម្លឹក និងកាបូបស្ពាយចំនួន១។
ប្រតិបត្តិការស្វែងរកចាប់ខ្លួនជនសង្ស័យបានទាំង៨នាក់នេះ បានធ្វើឡើងដោយកម្លាំងនគរបាលជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយអធិការដ្ឋាននគរបាលទាំង១៤ខណ្ឌក្នុងរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល តាកែវ កំពត សៀមរាប និងព្រះសីហនុ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីមានបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កសាងសំណុំរឿង ដើម្បីបន្តនីតិវិធីច្បាប់៕
ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត









