跳至正文
西哈努克省电视台 · 官方网站
登录

ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ លើកទឹកចិត្តដល់ពលរដ្ឋកំពុងស្នាក់នៅក្នុងជំរុំភៀសសឹកឱ្យជឿជាក់លើរាជរដ្ឋាភិបាល

KPS99TV历史原文 · 暂无当前语言译文

លោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ បានលើកទឹកចិត្តទៅដល់បងប្អូនប្រជាពលរដ្ឋដែលបាននឹងកំពុងស្នាក់នៅក្នុងជំរុំភៀសសឹកឱ្យបន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដឹកនាំ និងដោះស្រាយជម្លោះព្រំដែន។ លោកជំទាវប្រធានកិកត្តិយសសាខាបានលើកឡើងដូចនេះ ក្នុងឱកាសដឹកនាំ សមាជិកានៃសមាគមនារីខេត្ត ចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋប្រមាណ៧៦១គ្រួសារ ដែលបាននឹងកំពុងស្នាក់នៅក្នុងជំរំភៀសសឹក ក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ចន្ទ័សោភ័ណ បានបន្ថែមថា ដោយមើលឃើញពីការស្នាក់នៅក្នុងជំរុំរបស់បងប្អូនជួបការលំបាក សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋយើងជានិច្ច។

ក្នុងនោះលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត បានផ្តាំផ្ញើនូវការសួរសុខទុក្ខ និងនឹករលឹកដល់បងប្អូន និងបានណែនាំដល់សមាគមនារីខេត្តកំពង់ស្ពឺ ឱ្យនាំយកនូវគ្រឿងឧបភោគ បរិភោគ សម្លៀកបំពាក់ និងថ្នាំពេទ្យមកផ្តល់ជូនដើម្បីដោះស្រាយចំពោះមុខជាបណ្តោះអាសន្ន គ្រាដែលការស្នាក់នៅត្រូវបានអូសបន្លាយ។ ក្នុងដំណាក់កាលដែលកំពុងស្នាក់នៅនេះ សូមបងប្អូនត្រូវថែរក្សាសុខភាព ប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ បង្កឡើងដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ជាដើម និងបង្កើនការប្រុងប្រយ័ត្នក្នុងការមើលថែមនុស្សចាស់ ជាពិសេសកុមារតូចៗ កុំឱ្យទៅលេងទឹក ចៀសវាងការបាត់បង់អាយុជីវិតដោយប្រការណាមួយ។ ត្រូវថែរក្សាសុខភាព ទប់ស្កាត់ចំពោះជំងឺមិនឆ្លងដូចជា លើសឈាម ជំងឺទឹកនោមផ្អែម ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺមហារីក តាមរយៈការបរិភោគចំណីអាហារ ស្ករតិចអំបិលតិច ខ្លាញ់តិច។

លោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ដែលជាជំហានវិជ្ជមានដ៏សំខាន់ និងជាប្រវត្តិសាស្រ្តក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ក្រោមយុទ្ធសាស្រ្ត«ស្ងាត់តែមិនស្ងៀម»របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រហូតទទួលបានលទ្ធផលផ្លែផ្កា ដោយសម្រេចបានការអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាង កម្ពុជា និងថៃ នៅប្រទេសម៉ាឡេស៊ី ក្រោមវត្តមានលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។ ក្នុងនោះលោកជំទាវក៏បានសម្តែងការឈឺចាប់ចំពោះទាហានថៃដែលបានធ្វើការបាញ់ប្រហារមកលើប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា បណ្តាលឱ្យស្លាប់ម្នាក់ និងរបួស៣នាក់ កាលពីពេលកន្លងមកផងដែរ៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…