ព្រឹត្តិការណ៍តារាសាគរទេសចរសមុទ្រកម្ពុជា គឺជាការលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព ទំនួលខុសត្រូវ និងការយោគយល់គ្នាទៅវិញទៅមកលើទឹកដីតារារៈនាទិសនិរតីនៃខេត្តកោះកុងនេះបើតាមការលើកឡើងរបស់ ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ។
ដោយកន្លងមកក្រសួងទេសចរណ៍ តែងបានរំលេចដែរថា វិស័យទេសចរណ៍ជាវិស័យអាទិភាព និងជន្ទល់សេដ្ឋកិច្ចជាតិដ៏សំខាន់មួយ និងដាក់ចេញនូវពាក្យស្លោក «ទេសចរណ៍ រីកលូតលាស់ក្នុងសន្តិភាព! » ព្រមទាំងពាក្យស្លោកមហាគ្រួសារទេសចរណ៍ «ប្រជាជនម្នាក់ជាអ្នកផ្សព្វផ្សាយទេសចរកម្ពុជាម្នាក់» ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ តែងតែបានខិតខំលើកកម្ពស់ និងជំរុញវិស័យទេសចរណ៍កម្ពុជាឆ្ពោះទៅកាន់អនាគតថ្មី ដោយជំរុញឲ្យក្រសួងទេសចរណ៍ ដាក់ចេញគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តចក្ខុវិស័យអភិវឌ្ឍន៍ទេសចរណ៍កម្ពុជាប្រកបដោយគុណភាព ភាពរស់រវើក ភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្នសំដៅឆ្ពោះទៅកាន់អនាគតថ្មីឈរលើគោលការណ៍គ្រឹះទេសចរណ៍ផ្សារភ្ជាប់ទឹក ដី និងធម្មជាតិ។
ឯកឧត្តមរដ្ឋលេខាធិការ បានចាត់ទុកការបណ្តាក់ទុនវិនិយោគលើការផ្តល់ផលិតផលសេវាកម្មទេសចរណ៍ចម្រុះសំបូរបែបក្នុងតំបន់វិស្សមកាលតារាសាគររួមមាន៖ សណ្ឋាគារ រីស៊ត រមណីយដ្ឋាន ភោគជយីដ្ឋាន មជ្ឈមណ្ឌលកម្សាន្តគ្រប់ប្រភេទ សម្រាប់គ្រប់វ័យ ឧស្សហកម្មទេសចរណ៍ តំបន់ឆ្នេរសមុទ្រសស្អាត ដែលមានខ្យល់សមុទ្របរិសុទ្ធស្រស់ស្រាយ ក្នុងការកម្សាន្ត និងសម្រាកលំហែកាយ។
អ្នកគ្រប់គ្រងកម្មវិធីអះអាងថា មានក្រុមកីឡាករម៉ូតូទឹកជាច្រើនមកពីគ្រប់បណ្តារខេត្តរាជធានីចូលរួមប្រកួត ដែលរដ្ឋបាលខេត្តកោះកុងចាត់ឲ្យរៀបចំឡើងដោយក្រុមហ៊ុន ខូសថលស៊ីធី ឌីវេឡុបមិនគ្រុប ដោយមានកិច្ចសហការជាមួយក្រសួងទេសចរណ៍ បានសម្របសម្រួលរៀបចំលើតំបន់ឆ្នេរវិស្សមកាលតារាសាគរ ស្ថិតក្នុងស្រុកគីរីសាគរ នៅខេត្តកោះកុង ដើម្បីជាការចូលរួមចំណែកលើកកម្ពស់សក្តានុពលតំបន់ឆ្នេរកាន់តែទូលំទូលាយបន្ថែមទៀត។
អាជ្ញាធរខេត្តកោះកុងកំពុងបង្កើនល្បឿនសក្តានុពលវិស័យកីឡានេះ នៅតាមតំបន់ឆ្នេរក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរឲ្យមានកំណើនខ្ពស់ជាងមុន គ្រាដែលភ្ញៀវទេសចរកំពុងនិយមចូលចិត្តលេងកម្សាន្តលើផ្ទៃទឹកសមុទ្រ ហើយបច្ចុប្បន្ននេះបាននឹងកំពុងវិវត្តខ្លួនក្លាយជាកីឡាបែបទេសចរណ៍ដែលមានស្តង់ដារ រួមបញ្ចូលទាំងភាពសប្បាយរីករាយ និងបច្ចេកទេសកម្រិតខ្ពស់លើតំបន់ឆ្នេរសមុទ្រនៅខេត្តកោះកុងរបស់កម្ពុជា ។
លោក អន សុធារិទ្ធ អភិបាលរងខេត្តទទួលបន្ទុកកិច្ចការតំបន់ឆ្នេរអះអាងដែរថា ក្រុមការងាររបស់លោក ពង្រីកសក្តានុពលតំបន់ឆ្នេរបន្ថែមទៀត ខណៈរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិសាលភាពហេដ្ឋរចនាសម្ព័ន្ធតាមតំបន់ឆ្នេរសមុទ្រនៅខេត្តកោះកុង មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ពិសេសនោះទីតាំងតំបន់វិស្សមកាលតារាសាគរនៃខេត្តកោះកុង គឺជាវេទិកាដ៏ស័ក្តិសមបំផុតសម្រាប់ការប្រកួតកីឡាលើផ្ទៃសមុទ្រនេះ ដោយសារយើងមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងផ្ទៃទឹកសមុទ្រខៀវស្រងាត់ដែលអំណោយផលដល់កីឡាលើទឹកគ្រប់ប្រភេទ។
សូមជម្រាបថា ការរៀបចំព្រឹត្តិការណ៍តារាសាគរសាទរទេសចរណ៍សមុទ្ររយៈពេល៣យប់ ៣ថ្ងៃមកនេះ មានការរៀបចំការកួតកីឡាស្ទូចត្រី ប្រណាំងម៉ូតូទឹក បាល់ទះ និងការរៀបចំតាំងពិព័រណ៍ផលិតផល បោះតង់ បង្ហោះគោម ការប្រគុំតន្រ្តី ការសម្តែងល្ខោនខោល និងកីឡាប្រដាល់ផងដែរ៕
ដោយ៖ ប៉ៃ សុឃីម










