跳至正文
西哈努克省电视台 · 官方网站
登录

ការដាំបន្លែទ្រើងតាមបែបធម្មជាតិជួយការពារសុខភាពដល់អ្នកប្រើប្រាស់ និងរក្សាគុណភាពដី

KPS99TV历史原文 · 暂无当前语言译文

លោកស្រី គាំ សម្ផស្ស ជាកសិកររស់នៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត បានប្រកបរបរដាំដំណាំបន្លែទ្រើងវិលជុំឲ្យដឹងថា គាត់បានដាំបន្លែមានដូចជា ត្រសក់ ត្រឡាច ននោង ម្រះ និងសណ្តែកគួរជាដើម ជាលក្ខណៈគ្រួសារនៅដីប្រមាណ ២ហិកតា។ ចំពោះការជ្រើសរើសដាំបន្លែទ្រើងនេះ ដោយសារមានភាពងាយស្រួលក្នុងការដាំ មិនពិបាកថែទាំ ប្រើរយៈពេលប្រមាណ៣៥ថ្ងៃគឺអាចប្រមូលផលយកទៅលក់បាន។ បន្លែទ្រើងមិនសូវរើសគុណភាពដី (ដីមិនសូវមានជីជាតិក៏អាចដាំបាន) រីឯតម្រូវការ និងតម្លៃនៅលើទីផ្សារក៏សមរម្យ មិនពិបាកលក់ ហើយមានឈ្មួញមកយកដល់ចម្ការ។

លោកស្រី គាំ សម្ផស្ស បានបន្ថែមទៀតថា ការដាំបន្លែទ្រើង មិនចាំបាច់ប្រើប្រាស់ជីគីមី និងថ្នាំសម្លាប់សត្វល្អិតទេ គាត់ប្រើតែជីធម្មជាតិ និងបំពាក់តែប្រព័ន្ធទឹកស្រោចស្រពជាការស្រេច ហើយទិន្នផលក៏បានល្អ ដោយក្នុងមួយថ្ងៃអាចប្រមូលផលផ្លែត្រសក់ ពី ១០០ ទៅ ២០០គីឡូក្រាម។ ការដាំបន្លែទ្រើងតាមបែបធម្មជាតិ គឺអាចជួយដល់សុខភាពអ្នកទទួលទានដល់កសិករដាំផង និងអាចថែរក្សាគុណភាពដីផងដែរ ហើយបន្លែក៏លក់បានថ្លៃជាងគេ បើប្រៀបធៀបនឹងបន្លែអ្នកផ្សេងៗ (បច្ចុប្បន្នត្រសក់មានតម្លៃចាប់ពី១,៧០០ ទៅ១,៩០០រៀលក្នុងមួយគីឡូក្រាម)។

ដោយឡែក មន្ត្រីបច្ចេកទេសកសិកម្មឃុំ កញ្ញា ម៉ៅ ស្រីពៅ បានឱ្យដឹងដែរថា ឃុំព្រៃថ្នង មានសកត្តានុពលខ្លាំងលើវិស័យកសិកម្ម ហើយក្នុងនាមមន្ត្រីថ្មី កញ្ញានឹងចុះពិនិត្យសិក្សាស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាពលើដំណាំផ្សេងៗ ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្វះខាតរបស់កសិករ ដើម្បីជួយលើកកម្ពស់ការដាំដុះ និងការចិញ្ចឹមឱ្យបានល្អប្រសើរ កាត់បន្ថយថ្លៃដើមឱ្យនៅតិចបំផុត បង្កើនទិន្នផល និងប្រាក់ចំណូល ដើម្បីលើកកម្ពស់ជីវភាពកសិករ។ ដោយឡែកចំពោះការដាំបន្លែទ្រើងរបស់កសិករខាងលើ គឺជាជម្រើសដ៏ល្អមួយ និងជាបទពិសោធន៍ថ្មីមួយសម្រាប់កសិករក៏ដូចជាមន្ត្រីកសិកម្ម ក្នុងការមិនប្រើប្រាស់ជីគីមី និងថ្នាំសម្លាប់សត្វល្អិត ដែលអាចរក្សាបានទាំងសុខភាពអ្នកដាំ អ្នកទទួលទាន  និងរក្សាគុណភាពដីផងដែរ៕ ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…