កូនផ្សោតកើតថ្មី ១ក្បាល ត្រូវបានក្រុមអ្នកស្រាវជ្រាវ និងល្បាតនៃរដ្ឋបាលជលផល និងអង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) ប្រទះឃើញហែលទឹកនៅក្នុងតំបន់អន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។ នេះបើតាមការប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២ ខែធ្នូ។
នេះជាកូនផ្សោតទី៨ ដែលកើតក្នុងឆ្នាំ២០២៥ វាមានអាយុប្រហែល ១ថ្ងៃ ហើយមានសុខភាពល្អ និងកំពុងបណ្តើរដោយមេដែលមានលេខកូដសម្គាល់១៣៨ រួមជាមួយហ្វូងសត្វផ្សោតធំៗចំនួន ៤ក្បាលផ្សេងទៀត។
ឆ្នាំ២០២៥ គឺជាឆ្នាំនៃកំណត់ត្រាប្រវត្តិសាស្រ្តជាលើកទី១ របស់កម្ពុជា ដែលពុំមានករណីសត្វផ្សោតងាប់ពេញមួយឆ្នាំ និង១៨ថ្ងៃ ពោលគិតចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥។ តាមរយៈកូនផ្សោតកើតថ្មីមួយក្បាលនេះ ធ្វើឱ្យចំនួនសត្វផ្សោតនៅក្នុងទន្លេមេគង្គកម្ពុជាកើនឡើងដល់ ១១២ក្បាល៕
ដោយ៖ ចិន្តា ទីទិ


