跳至正文
西哈努克省电视台 · 官方网站
登录

ច្រកព្រំដែនអន្តរជាតិម៉ឺនជ័យ-តឺនណាមនឹងសម្ពោធនៅថ្ងៃ៥ធ្នូក្រោមសហអធិបតីនាយករដ្ឋមន្រ្តីកម្ពុជានិងវៀតណាម

KPS99TV历史原文 · 暂无当前语言译文

បើគ្មានការប្រែប្រួលទេ ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឺនណាម នៅខេត្តព្រៃវែងរបស់កម្ពុជាជាប់នឹងខេត្តតៃនិញរបស់វៀតណាម គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម នឹងចាប់ដៃគ្នាអញ្ជើញជាសហអធិបតីភាពក្នុងពិធីសម្ពោធនេះ។ ពិធីសម្ពោធច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឺនណាម ក៏នឹងធ្វើចំថ្ងៃខួប ៥៨ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតជាផ្លូវការរវាងប្រទេសទាំងពីរផងដែរ។ មន្ត្រីជំនាញ កងកម្លាំងសន្តិសុខនៃប្រទេសទាំងពីរ បានជួបប្រជុំគ្នាជាច្រើនលើក ដើម្បីត្រៀមលក្ខណៈរៀបចំកម្មវិធីឱ្យបានជោគជ័យ។

ការសម្ពោធដាក់ឱ្យប្រើប្រាស់ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឺនណាមជាផ្លូវការ  នឹងក្លាយជាចលករមួយបន្ថែមទៀត ក្នុងការជួយជំរុញឱ្យការដោះដូរពាណិជ្ជកម្មនៃប្រទេសទាំងពីរកាន់តែកើនឡើងបន្ថែមមួយកម្រិតទៀត។ ចំណែក សម្ដេចតេជោ ហ៊ុន សែន ក្នុងជំនួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រីវៀតណាមនាពេលថ្មីៗនេះ  បានគូសបញ្ជាក់ថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសទាំងពីរ គឺអំណោយផលដល់ការធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យមានភាពល្អប្រសើរ។ សម្ដេច ហ៊ុន សែន ចាត់ទុកការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ« ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឺនណាម» ថាជាសញ្ញាវិជ្ជមានចំពោះការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ការដោះដូរទំនិញរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ជាពិសេសផលិតផលកសិផល កសិកម្មរបស់ប្រជាពលរដ្ឋដែលស្ថិតនៅជាប់ព្រំដែននៃប្រទេសទាំងពីរ ស្របពេលដែលទំនាក់ទំនងសេដ្ឋកិច្ច នយោបាយនៃប្រទេសទាំងពីរមានភាពល្អប្រសើរស្រាប់។

គួររំលឹកថា ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នៃកម្ពុជា និងច្រកទ្វារព្រំដែនអន្តរជាតិតឺនណាម ស្ថិតនៅក្នុងស្រុកតឹងបៀង ខេត្តតៃនិញ ប្រទេសវៀតណាម ភ្ជាប់គ្នាដោយស្ពានឆ្លងទន្លេ។ ព្រំដែននៃប្រទេសទាំងពីរនៅចំណុចនេះ មានគោលខ័ណ្ឌសីមាទន្លេព្រំដែនចែកដាច់ពីគ្នា ដោយយកខ្សែទឹកពាក់កណ្តាលម្ខាងម្នាក់ជាខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម៕

ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…