អំបិលកំពតកំពុងមានទីផ្សារ ដូចនេះហើយអភិបាលខេត្តកំពតបានជំរុញដល់ក្រុមអ្នកផលិតអំបិលទាំង១៧១ក្រុមក្នុងខេត្តកំពតបង្កើនការផលិតឱ្យបានច្រើនបន្ថែមទៀត និងផលិតអំបិលដែលមានគុណភាពដល់ប្រជាជនទូទាំងប្រទេសប្រើប្រាស់។ ហើយការរកអ្នកទិញបានដើម្បីផ្គត់ផ្គង់ទីផ្សារនេះ នឹងធ្វើឱ្យអ្នកផលិតអំបិលទាំងអស់មានកំណើនប្រាក់ចំណូល ក៏ដូចជាជួយបង្កើនជីវភាពរបស់កម្មករធ្វើអំបិលទាំងអស់ផងដែរ។
ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ដូចនេះនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីការងារផលិតអំបិល ដោយមានការចូលរួមពីអ្នកទទួលទិញអំបិលកំពត-កែប ដើម្បីកែច្នៃផ្គត់ផ្គង់ក្នុងស្រុក ក្រុមអ្នកផលិតអំបិលកំពត-កែប ទាំង១៧១ក្រុម អាជ្ញាធរដែនដី និងមន្ទីរអង្គភាពពាក់ព័ន្ធ នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានបន្ថែមថា ខេត្តកំពតមានផលិតផលសម្គាល់ភូមិសាស្ត្រពីរសំខាន់ៗ គឺម្រេច និងអំបិល ហើយអំបិលគឺជាផលិតផលមួយដែលអន្តរជាតិទទួលស្គាល់តាំងពីសម័យបារាំងមកម្ល៉េះ ដែលអំបិលកំពតគឺជាអំបិលដែលមានគុណភាពស្អាត និងជួយដល់សុខភាពទៀតផង។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ដែរថា ក្រោយពេលប្រទេសកម្ពុជាមានការបិទព្រំដែនជាមួយប្រទេសថៃ ប្រជាពលរដ្ឋនៅទូទាំងប្រទេសបានងាកមកប្រើប្រាស់ផលិតផលខ្មែរទាំងស្រុង ក្នុងន័យដើម្បីបញ្ឈប់ការនាំចូល និងលើកស្ទួយដល់ផលិតផលក្នុងស្រុក ទន្ទឹមនឹងនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជំរុញឱ្យម្ចាស់សហគ្រាស សិប្បករ នៅក្នុងប្រទេសបង្កើនការផលិតរបស់ខ្លួនឱ្យបានច្រើនបន្ថែមទៀតដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ក៏បានធ្វើការជំរុញដល់បងប្អូនក្រុមអ្នកផលិតអំបិលកំពត-កែប ទាំង ១៧១ក្រុម បង្កើនការផលិតឱ្យបានច្រើនបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកតាមរយៈការចុះមកទិញដោយផ្ទាល់ពីសំណាក់ក្រុមហ៊ុនក្នុងស្រុក ដើម្បីយកទៅផលិតកែច្នៃក្នុងការចែកចាយបន្តនៅលើទីផ្សារ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់ក្រុមអ្នកផលិតដែលមានដីស្រែអំបិលដែលធ្លាប់ផលិតកន្លងមក ត្រូវធ្វើការរៀបចំផលិតឡើងវិញដើម្បីឱ្យបរិមាណផលិតមានការកើនឡើង និងបានផ្តល់ការងារជូនដល់ប្រជាពលរដ្ឋក្នុងខេត្តឱ្យបានច្រើន ហើយនៅពេលដែលផលិតបានច្រើន ចំណូលរបស់អ្នកផលិតក៏បានខ្ពស់ មិនតែប៉ុណ្ណោះក៏បានចូលរួមជួយដល់ការបង្កើនជីវភាពរបស់កម្មករដែលផលិតអំបិលកាន់តែល្អប្រសើរឡើងបន្ថែមទៀត។
យោងតាមរបាយការណ៍របស់លោកស្រី ស៊ឹម ណារី ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពតបានឱ្យដឹងថា ខេត្តកំពតមានផ្ទៃដីផលិតអំបិលសរុបចំនួន ៣.៤៨៩,៤៨ហិកតា មានក្រុមផលិតចំនួន១៧១ក្រុម ចែកជា៦មណ្ឌល មានកម្លាំងពលកម្មសរុប ១.៤៧៤នាក់ ក្នុងនោះស្រី ៥៥៧នាក់ និងមានឃ្លាំងស្តុកបិលចំនួន ៥៣៦ឃ្លាំង។
ចំពោះការផលិតអំបិលក្នុងឆ្នាំ២០២៥ ទទួលបានសរុបចំនួន ៣១,៣៨២តោន ដែលមានអំបិលស្តុកក្នុងឃ្លាំងដើមគ្រាចំនួន ៥០,៨៦០តោន ធ្វើឱ្យបរិមាណអំបិលសរុបមានចំនួន៨២,២៤២តោន ការផលិតលក់ចេញបានចំនួន៧៤,១១៧តោន ហើយអំបិលសល់ក្នុងស្តុកឆ្នាំ២០២៥មានចំនួន៣ ,៧២០តោន៕
ដោយ ៖ ប៉ៃ សុឃីម









