(ខេត្តព្រះសីហនុ)៖ កម្ពុជាបានបញ្ជូនមុខសញ្ញានិវេទន៍ក្រហមរបស់នគរបាលអន្តរជាតិ ពាក់ព័ន្ធបទល្មើសជួញដូរមនុស្ស និងគ្រឿងញៀន ស្ត្រីជនជាតិឥណ្ឌូណេស៊ីម្នាក់ ទៅកាន់ប្រទេសដើមវិញ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ។ ប្រតិបត្តិការបញ្ជូនជនមុខសញ្ញាអន្តរជាតិមួយនេះ បានធ្វើឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីមានការស្នើសុំតាមរយៈការចេញនិវេទន៍ក្រហម (Red Notice) របស់នគរបាលអន្តរជាតិ (Interpol) កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥កន្លងទៅ។
ក្នុងនោះកម្លាំងនាយកដ្ឋានចារកម្ម បានធ្វើការឃាត់ខ្លួនមុខសញ្ញានិវេទន៍ក្រហមឈ្មោះ ASTUTIK DEWI ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិឥណ្ឌូណេស៊ី កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចសណ្ឋាគារ NOVOTEL ក្នុងខេត្តព្រះសីហនុ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានបន្តឃាត់ខ្លួនបុរសជនជាតិប៉ាគីស្ថានម្នាក់ទៀតផងដែរ។
ក្រោយបញ្ចប់នីតិវិធីនៃការសាកសួរ និងរៀបចំឯកសារនានា ដោយមានការចូលរួមយ៉ាងយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ និងកម្លាំងនគរបាលជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមការងារបានបញ្ជូនមុខសញ្ញានិវេទន៍ក្រហមឈ្មោះ DEWI ASTUTIK ចេញពីអាកាសយានដ្ឋានមរតកតេជោ តាមយន្តហោះពិសេស ដើម្បីប្រគល់ជូននគរបាលជំនាញ នៃប្រទេសឥណ្ឌូណេស៊ី ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕
ដោយ៖ ចិន្តា ទីទិ





