跳至正文
西哈努克省电视台 · 官方网站
登录

សេវាទូរសព្ទ 5G នៅកម្ពុជា នឹងត្រូវប្រតិបត្តិការជាផ្លូវការចាប់ពីឆ្នាំ២០២៦ តទៅ

KPS99TV历史原文 · 暂无当前语言译文

摘要

Please click this link to get more information

(ភ្នំពេញ)៖ សេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G នឹងត្រូវបើកឱ្យដំណើរការជាផ្លូវការនៃការធ្វើប្រតិបត្តិការនៅកម្ពុជា ចាប់ពីឆ្នាំ២០២៦ តទៅ។ ការប្រកាសនេះ គឺធ្វើឡើងក្រោមអធិបតីភាពលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅក្នុងវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលកោះពេជ្យ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ។

បើតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រតិបត្តិការសេវាទូរសព្ទ 5G គឺមានលឿនជាងសេវា 4G ដល់ទៅ ១០ ដង ដែលអនុញ្ញាតឱ្យទាញឯកសារ ទស្សនាវីដេអូ និងប្រើសេវាឌីជីថលបានរលូនជាងមុន។ ជាមួយគ្នានេះ សេវា 5G អាចតភ្ជាប់ឧបករណ៍រាប់លានក្នុងមួយគីឡូម៉ែត្រការ៉េ ជាជំហានដ៏សំខាន់សម្រាប់ទីក្រុងឆ្លាតវៃ កសិកម្មឌីជីថល និងរោងចក្រឆ្លាតវៃ ជាដើម។

កម្រិតសេវា 5G នេះនឹងជួយបង្កើនប្រសិទ្ធភាពវិស័យផលិត ដឹកជញ្ជូន Fintech e-Commerce និង Startup នវានុវត្តន៍, លើកកម្ពស់សេវាសាធារណៈ រួមមាន៖ e-Health, e-Education, e-Government និងសេវាឌីជីថលរដ្ឋទាំងមូល នឹងកាន់តែមានប្រសិទ្ធភាព និងលឿនជាងមុន។ លើសនេះ សេវា 5G ក៏នឹងទាក់ទាញវិនិយោគ កសាងឱកាសការងារ និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ ផងដែរ។

ក្រសួងប្រៃសណីយ៍បានបញ្ជក់ថា សេវា 5G មិនមែនត្រឹមតែអ៊ីនធឺណិតល្បឿនលឿនប៉ុណ្ណោះទេ តែសេវានេះ នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធគ្រឹះសម្រាប់អនាគតឌីជីថល នវានុវត្តន៍ និងកាលានុវត្តភាពថ្មីៗរបស់ប្រជាជនកម្ពុជា។

សូមជម្រាបជូនថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសិក្សាយ៉ាងស៊ីជម្រៅអំពីវិធីសាស្ត្រក្នុងការដាក់ឱ្យដំណើរការសេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G ហើយបានប្រមូលធាតុចូលពីគ្រប់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ព្រមទាំងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រតិបត្តិករនីមួយៗ ដើម្បីធានាបានថា សេវា 5G អាចត្រូវបានដាក់ឱ្យដំណើរការជោគជ័យនៅកម្ពុជា៕ 

ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…