ស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃបានកើនកម្តៅឡើងវិញសាជាថ្មីម្តងទៀត ដោយសារយោធាថៃ បានបើកការបាញ់ប្រហារដោយប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទមកលើកងទ័ពនិងលើទីតាំងជនស៊ីវិលកម្ពុជា។ ក្នុងនោះ សារព័ត៌មានអន្តរជាតិធំៗនៅលើពិភពលោក បានចុះផ្សាយថា «ថៃប្រើយន្តហោះ F-16 វាយប្រហារមកលើទឹកដីកម្ពុជា» នៅព្រឹកថ្ងៃទី០៨ ខែឆ្នូ ឆ្នាំ២០២៥នេះ។ សារព័ត៌មានទាំងនោះ រួមមាន៖ សារព័ត៌មាន CNA, Nikkei Asia, AP, CNN International, REUTERS, CGTN និងសារព័ត៌មាន Al Jazeera English ។
នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥នេះ វេលាម៉ោងប្រមាណ០៥:០៤នាទី យោធាថៃបានបន្តបើកការបាញ់ប្រហារសាជាថ្មីដោយប្រើយន្តហោះចម្បាំងប្រភេទ F-16, កាំភ្លើងយន្ត, កាំភ្លើងធំ, កាំភ្លើងត្បាល់, បាញ់ផ្សែងពុល និងរថក្រោះមកលើកងកម្លាំង និងមកលើទីតាំងជនស៊ីវិលស្លូតត្រង់កម្ពុជា នៅតំបន់អានសេះ ប្រាសាទតាមាន់ធំ តំបន់ប្រាសាទព្រះវិហារ ៥មករា ចំការចេក មុំបី ភ្នំខ្មោច គោល៨ ប្រាសាទតាក្របី និងនៅប្រាសាទខ្នារ បន្ទាប់ពីយោធាថៃបានបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជានៅវេលាម៉ោងជាង២រសៀលម្សិលមិញ។ សកម្មភាពបាញ់ប្រហាររបស់យោធាថៃ បានបណ្តាលឱ្យប្រជាជនស៊ីវិលកម្ពុជាមួយចំនួនរងរបួស និងផ្ទះសម្បែងជាច្រើនខ្នងត្រូវបានឆេះនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ ជាមួយគ្នា ក៏ធ្វើឱ្យប្រជាជន ក្មេងចាស់ ប្រុសស្រីជាច្រើនពាន់នាក់ត្រូវបង្ខំចិត្តជម្លៀសចេញពីផ្ទះសម្បែងដែលខ្លួនធ្លាប់រស់នៅសុខសាន្តទៅរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ៕
ទូរទស្សន៍ខេតុ្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត








