ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយថ្នាក់ដឹកនាំក្រសួង បានអញ្ជើញជាអធិបតីក្នុងជំនួបពិភាក្សាជាមួយសមាគមអ្នកនិពន្ធខ្មែរ ចិន ឡាវ និងមីយ៉ាន់ម៉ា ដែលដឹកនាំដោយ ឯកឧត្តម ព្រឿង ប្រណីត ប្រធានសមាគមអ្នកនិពន្ធខ្មែរ, លោកស្រី Jiang Jinlu អនុប្រធានសមាគមអ្នកនិពន្ធចិន, លោក Thonbay Phothisane ប្រធានសមាគមអ្នកនិពន្ធឡាវ និងលោក Ohn Maung ប្រធានសមាគមអ្នកនិពន្ធមីយ៉ាន់ម៉ា ព្រមទាំងអមដោយសមាជិកសមាគមអ្នកនិពន្ធខ្មែរ ចិន ឡាវ និងមីយ៉ាន់ម៉ា ចំនួន ២៥នាក់។
ជំនួបនេះ រៀបចំឡើងក្នុងគោលបំណងគោរពស្នើសុំអនុសាសន៍ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងកម្ពុជា និងប្រទេសមិត្ត ដោយផ្តោតលើការសិក្សាឈ្វេងយល់កាន់តែស៊ីជម្រៅ និងការចូលរួមសហការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែទូលំទូលាយ និងផុលផុសបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំពីស្ថានភាពទូទៅនៅកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមគោលនយោបាយ “ឈ្នះ-ឈ្នះ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា។ ទោះបីជាពិភពលោកកំពុងប្រឈមនឹងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ព្រមទាំងបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ ក៏ដោយ កម្ពុជានៅតែបន្តរក្សាបាននូវស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈល្អ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាបន្តបន្ទាប់។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព កក់ក្តៅ និងទទួលបានការជឿទុកចិត្តពីភ្ញៀវទេសចរ ជាពិសេសនៅតាមខេត្តទេសចរណ៍សំខាន់ៗ ដូចជា ខេត្តសៀមរាប និងបណ្តាខេត្តផ្សេងៗទៀត ដែលមិនស្ថិតនៅតំបន់ជាប់ព្រំដែនជាមួយប្រទេសថៃ ហើយភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅតែអាចធ្វើដំណើរកម្សាន្តបានជាប្រក្រតី។
បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា “កម្មវិធីជំនួបអ្នកនិពន្ធខ្មែរ-អន្តរជាតិ” ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ក្រោមប្រធានបទ “អ្នកនិពន្ធ គឺជាទូតសុច្ឆន្ទៈសម្រាប់ការអភិរក្ស និងអភិវឌ្ឍវប្បធម៌ ដើម្បីសន្តិភាព” គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យជ្រាលជ្រៅ ដែលឆ្លុះបញ្ចាំងពីគុណតម្លៃសន្តិភាព ដែលកម្ពុជា និងប្រជាជនកម្ពុជាបានខិតខំថែរក្សា និងគោរពអស់កល្បជានិច្ច។
ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជា ជាប្រទេសស្រឡាញ់សន្តិភាព ត្រូវការសន្តិភាព និងប្តេជ្ញាការពារសន្តិភាពគ្រប់កាលៈទេសៈ ស្របតាមពាក្យស្លោកដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព»។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់សមាគមអ្នកនិពន្ធចិន ឡាវ និងមីយ៉ាន់ម៉ា ឱ្យចូលរួមសហការជាមួយសមាគមអ្នកនិពន្ធខ្មែរ ក្នុងការប្រើប្រាស់ “ប៊ិច” ជាឧបករណ៍នៃសន្តិភាព ដើម្បីតាក់តែង សរសេរ និងផ្សព្វផ្សាយអំពីស្ថានភាពពិតប្រាកដ និងវិជ្ជមានរបស់កម្ពុជា ទៅកាន់សាធារណជន និងពិភពលោកទាំងមូល។
ដោយ៖ KPS99TV











