កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស នៃរដ្ឋាភិបាលឥណ្ឌា តាមរយៈសារបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក បានចេញសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ភាគីថៃបានធ្វើសកម្មភាពវាយកម្ទេចរូបសំណាកព្រហ្មញ្ញសាសនា នៅក្នុងប្រទេសកម្ពុជា។
ទាក់ទងនឹងការវាយកម្ទេចរូបសំណាកព្រះនៃព្រហ្មញ្ញសាសនា លោក ស្រ៊ី រ៉ាន់ឌី ចៃស្វាល (Shri Randhir Jaiswal) អ្នកនាំពាក្យផ្លូវការនៃក្រសួងការបរទេសឥណ្ឌា បានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ដោយមានប្រសាសន៍ថា៖
«យើងបានឃើញសេចក្តីរាយការណ៍នានា អំពីការវាយកម្ទេចរូបសំណាកព្រះនៃសាសនាហិណ្ឌូ (ព្រហ្មញ្ញសាសនា) ដែលទើបតែបានសាងសង់ឡើងនាពេលថ្មីៗនេះ និងមានទីតាំងស្ថិតនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនរវាងកម្ពុជា–ថៃ ដែលកំពុងបន្តកើតមាន។
រូបសំណាកព្រះក្នុងព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ត្រូវបានគោរពបូជាយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ប្រជាជននៅទូទាំងតំបន់ ដែលនេះជាផ្នែកមួយនៃបេតិកភណ្ឌអរិយធម៌រួមរបស់យើង។
ទោះបីជាមានការទាមទារអធិបតេយ្យភាពទឹកដីយ៉ាងណាក៏ដោយ សកម្មភាពដែលខ្វះការគោរពបែបនេះ បានប៉ះពាល់ដល់អារម្មណ៍របស់អ្នកកាន់សាសនានៅជុំវិញពិភពលោក ហើយមិនគួរឲ្យកើតមានឡើងឡើយ។
យើងសូមជំរុញសារជាថ្មី ឱ្យភាគីទាំងពីរត្រឡប់មករកការសន្ទនា និងប្រើប្រាស់វិធានការផ្លូវការទូត ដើម្បីបន្តស្តារសន្តិភាពឡើងវិញ និងចៀសវាងរាល់ការបាត់បង់ជីវិតបន្ថែមទៀត ព្រមទាំងការខូចខាតដល់ទ្រព្យសម្បត្តិ និងបេតិកភណ្ឌផងដែរ»៕
ដោយ៖ ប៉ៃ សុឃីម
ប្រភព៖ ទំព័រហ្វេសប៊ុក Ministry of External Affairs, Government of India
រូបភាព៖ The Federal / Ministry of External Affairs, Government of India / Others










