跳至正文
西哈努克省电视台 · 官方网站
登录

ក្រសួងទេសចរណ៍៖ ចំនួនភ្ញៀវទេសចរឥណ្ឌា កំពុងសម្រុកមកទស្សនាប្រាសាទអង្គរវត្ត ខណៈកម្ពុជា ពង្រឹងទំនាក់ទំនងទេសចរណ៍ជាមួយឥណ្ឌា

KPS99TV历史原文 · 暂无当前语言译文

ចំនួនភ្ញៀវទេសចរឥណ្ឌារាប់រយនាក់ កំពុងធ្វើដំណើរមកទស្សនាប្រាសាទអង្គរវត្តដ៏ល្បីល្បាញលើពិភពលោក ដែលបង្ហាញពីទំនាក់ទំនងទេសចរណ៍កំពុងរីកចម្រើនរវាងកម្ពុជា និងឥណ្ឌា។ នេះបើតាមការឲ្យដឹងពីក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ដែលបានចែករំលែកវីដេអូមួយនៅលើបណ្តាញសង្គម។

ក្នុងសំណេរដែលក្រសួងទេសចរណ៍បានបង្ហោះនៅលើបណ្តាញសង្គមនោះ មានខ្លឹមសារលើកឡើងថា៖ «សូមស្វាគមន៍ភ្ញៀវទេសចរឥណ្ឌា តាមជើងហោះហើរផ្ទាល់ពីទីក្រុង Kolkata មកកាន់ទឹកដីសៀមរាបអង្គរ។ យើងបានបង្ហាញ និងរៀបរាប់អំពីប្រាសាទអង្គរវត្តដ៏អស្ចារ្យ ដែលធ្វើឲ្យពួកគាត់ចងចាំប្រកបដោយភាពសប្បាយរីករាយ បន្ទាប់ពីបញ្ចប់ទស្សនាចរ ជាមួយការគ្រវីក្រម៉ា ដែលជាអត្តសញ្ញាណមួយរបស់ជនជាតិខ្មែរយើង»។

ប្រទេសកម្ពុជា និងឥណ្ឌា បានបើកដំណើរការការតភ្ជាប់ផ្លូវអាកាសដោយផ្ទាល់ជាផ្លូវការ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាមួយក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា IndiGo ដែលដំណើរការជើងហោះហើររវាងអាកាសយានដ្ឋានអន្តរជាតិ Kolkata និងសៀមរាបអង្គរ។ ផ្លូវហោះហើរថ្មីនេះ ត្រូវបានគេមើលឃើញថា ជាការជំរុញដ៏សំខាន់សម្រាប់វិស័យទេសចរណ៍របស់កម្ពុជា និងជាសញ្ញានៃការត្រៀមខ្លួនរបស់ប្រទេស ក្នុងការស្វាគមន៍អ្នកធ្វើដំណើរ និងវិនិយោគិនមកពីឥណ្ឌា។ ក្រុមហ៊ុនអាកាសចរណ៍ IndiGo មានយន្តហោះជាង ៤០០ គ្រឿង ដែលកំពុងប្រតិបត្តិការហោះហើរនៅលើពិភពលោក និងជាក្រុមហ៊ុនអាកាសចរណ៍ដែលមានភាពលេចធ្លោជាងគេនៅប្រទេសឥណ្ឌា។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ឯកឧត្តម ហួត ហាក់ ធ្លាប់បានលើកឡើងនាពេលកន្លងមកថា កំណើនភ្ញៀវទេសចរឥណ្ឌា គឺជាកាលានុវត្តន៍សំខាន់មួយ ដែលមិនត្រឹមតែជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសវិនិយោគក្នុងវិស័យផ្សេងៗទៀត ជាមូលដ្ឋានសម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិរបស់កម្ពុជា។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា បច្ចុប្បន្នមានភ្ញៀវទេសចរឥណ្ឌា មកទស្សនាខេត្តសៀមរាបប្រមាណ ៣០០ នាក់ក្នុងមួយសប្តាហ៍ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ IndiGo បានតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុង Kolkata មកខេត្តសៀមរាប។

ក្នុងឆ្នាំ២០២៤ កម្ពុជា បានទទួលស្វាគមន៍ភ្ញៀវទេសចរឥណ្ឌាជាង៧៥,០០០នាក់ ដែលបានមកទស្សនាតំបន់បេតិកភណ្ឌ ពិសេសរមណីយដ្ឋានអង្គរវត្ត និងស្វែងរកឱកាសធ្វើធុរកិច្ចនៅកម្ពុជា។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាទេសចរណ៍ និងទេសចរណ៍ពិភពលោក (WTTC) បានបង្ហាញថា ឥណ្ឌា ដែលជាប្រទេសមានប្រជាជនច្រើនជាងគេនៅលើពិភពលោក មានពលរដ្ឋធ្វើដំណើរចេញទៅក្រៅប្រទេសនៅឆ្នាំ២០២៤ ប្រមាណ ៣៨,៩ លាននាក់៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…