跳至正文
西哈努克省电视台 · 官方网站
登录

អភិបាលខេត្តកំពត៖ ចូលរួមត្រេកអរ ជាមួយក្រុមគ្រួសារ និងវីរយុទ្ធជន ម៉ឺន ងៀន ត្រូវទាហានថៃចាប់ និងបានដោះលែងឲ្យវិលត្រឡប់មកជួបជុំគ្រួសារវិញ

KPS99TV历史原文 · 暂无当前语言译文

អភិបាលខេត្តកំពត បានសម្តែងនូវការត្រេកអរ និងក្តីរំភើបជាមួយក្រុមគ្រួសារ និងវីរយុទ្ធជន ម៉ឺន ងៀន ដែលបានវិលត្រឡប់មកជួបជុំសមាជិកគ្រួសារវិញ។ ជាមួយគ្នានេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានពាំនាំនូវការសួរសុខទុក្ខ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះសុខទុក្ខរបស់បងប្អូនវីរកងទ័ព និងប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចជាកាល សម្តេចទាំងពីរតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ក្រុមគ្រួសារវីរកងទ័ព ក៏ដូចជាពលរដ្ឋភៀសសឹក។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ដូចនេះ នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយក្រុមគ្រួសារ និងវីរយុទ្ធជន ម៉ឺន ងៀន ដែលជាយុទ្ធជនមួយរូប ក្នុងចំណោមវីរយុទ្ធជនចំនួន ១៨ រូប ជាកងទ័ពជួរមុខ ដែលត្រូវបានទាហានថៃចាប់ និងត្រូវបានដោះលែងឲ្យវិលត្រឡប់មកកម្ពុជាវិញ។

ក្នុងឱកាសនេះផងដែរ ឯកឧត្តម អភិបាលខេត្ត បានថ្លែងកោតសរសើរចំពោះស្មារតីក្លាហាន និងការលះបង់របស់វីរកងទ័ព ព្រមទាំងបានផ្តល់នូវការលើកទឹកចិត្តដល់ក្រុមគ្រួសារ ឲ្យបន្តខិតខំបំពេញភារកិច្ច និងរស់នៅដោយសុខដុមរមនា។ ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត តែងតែនៅក្បែរ និងយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាប្រឈមរបស់បងប្អូនកងទ័ព និងប្រជាពលរដ្ឋជានិច្ច។

ជាមួយគ្នានេះដែរ ឯកឧត្តម ម៉ៅ ធនិន បានគូសបញ្ជាក់ថា ក្រោយមានការប៉ះទង្គិចរវាងកម្ពុជា និងថៃ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ចប់បញ្ហាដោយសន្តិវិធី ដើម្បីធានាឲ្យបងប្អូនវីរយុទ្ធជនទាំង ១៨ រូប ត្រូវបានដោះលែង និងវិលត្រឡប់មកមាតុភូមិវិញដោយសុវត្ថិភាព។ នេះជាសមិទ្ធផលដ៏សំខាន់មួយ របស់រាជរដ្ឋាភិបាលក្នុងការខិតខំប្រឹងប្រែងសម្រេចបាននូវគោលដៅ។

សូមបញ្ជាក់ថា សកម្មភាពនេះបានបង្ហាញឲ្យឃើញនូវការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់រដ្ឋបាលខេត្តកំពត ចំពោះសុខទុក្ខ និងសុវត្ថិភាពរបស់មន្ត្រីក្រោមឱវាទ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដីនៅតាមព្រំដែនរបស់យើង៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…